Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិបងប្អូនកូរ៉េទាំងពីរ នឹងជួបប្រជុំកំពូលលើកទី3 នៅខែកញ្ញា

បងប្អូនកូរ៉េទាំងពីរ នឹងជួបប្រជុំកំពូលលើកទី3 នៅខែកញ្ញា

នៅក្នុងជំនួបមន្ត្រីជាន់ខ្ពស់កូរ៉េទាំងពីរ កាលពីថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ នៅតំបន់គ្មានយោធា បងប្អូនកូរ៉េទាំងពីរ បានឯកភាពគ្នាឱ្យមានជំនួបប្រជុំកំពូលលើកទី3 នៅទីក្រុងព្យុងយ៉ាង នៅខែកញ្ញា។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងត្បូង យន់ហាប់ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្ន្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា ប្រសិនបើគ្មានការកែប្រែទេ វានឹងក្លាយជាការធ្វើដំណើរបំពេញទស្សនកិច្ចលើកទី១ របស់ប្រធានាធិបតី មូន ជេអ៊ីន ទៅកាន់ទឹកដីកូរ៉េខាងជើង អស់រយៈពេលជាង១ទសវត្សរ៍ ស្របពេលដែលចំណងការទូតរបស់ពួកគេ ហាក់បានល្អប្រសើរជាងមុន។

ជំនួបប្រជុំកម្រិតខ្ពស់ ដែលដឹកនាំដោយលោក Cho Myoung-gyon រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង និងលោក Ri Son Gwon ប្រធានគណៈកម្មាធិការបង្រួបបង្រួមកូរ៉េខាងជើង កាលពីថ្ងៃចន្ទ នេះ បានកើតឡើងនៅតំបន់គ្មានយោធា ដែលជាការស្នើដោយកូរ៉េខាងជើង កាលពីសប្តាហ៍មុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កំពុងតែចាត់វិធានការដាក់ទណ្ឌកម្មថ្មីដល់ប្រទេសនេះ។

លោក Ri Son Gwon បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរបានយល់ព្រមគ្នាទៅលើរបៀបវារៈប្រជុំលម្អិត ដោយរួមបញ្ចូលទាំងកាលបរិច្ឆេទ ប៉ុន្តែ បដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

លោកបានបន្តទៀតថា ប្រសិនបើបញ្ហាដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ មិនត្រូវបានដោះស្រាយ ឬក៏បញ្ហាដែលមិនត្រូវបានរំពឹងទុក វាលេចឡើងក្នុងអំឡុងពេលប្រជុំនោះ វាអាចធ្វើឱ្យយើងជួបភាពពិបាកនៅក្នុងដំណើរការជជែកគ្នា។

ដោយឡែក លោក Cho Myoung-gyon ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយពីរបៀបវារៈនៃកិច្ចប្រជុំនោះ ប្រាប់អ្នកសារព័ត៌មានដែរ ប៉ុន្តែ បាននិយាយថា កិច្ចប្រជុំនោះ គឺផ្តោតអារម្មណ៍ទៅលើបញ្ហាមនុស្សធម៌ និងការស្តារទំនាក់ទំនងឱ្យបានប្រសើរឡើងវិញ រវាងកូរ៉េទាំងពីរ។

លោកបានបន្តទៀតថា កិច្ចប្រជុំនៅខែកញ្ញា ខាងមុខុនេះ អាចនឹងធ្វើឱ្យទំនាក់ទំនងនៅតាមបណ្តោយព្រំដែនកូរ៉េទាំងពីរ មិនមានស្ថានភាពល្អឡើងវិញ។

កិច្ចប្រជុំដែលគ្រោងនឹងធ្វើនៅខែកញ្ញា វាអាចកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើង  កំពុងតែរងសម្ពាធខ្លាំងពីសហរដ្ឋអាមេរិក ដោយសារតែអាមេរិក ចោទប្រកាន់ថា កូរ៉េខាងជើង មានភាពមិនស្មោះត្រង់នឹងខ្លួន ក្នុងការលួចផលិតអាវុធនុយក្លេអ៊ែរ រយៈចម្ងាយវែង។

ទាក់ទងទៅនឹងជំនួបប្រជុំខាងមុខនេះ អ្នកវិភាគបានលើកឡើងថា លោកមូន ជេអ៊ីន កំពុងតែព្យាយាមដើរតួជាអ្នកសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង និងការជំរុញឱ្យប្រទេសទាំងពីរនេះ គោរពស្មារតីប្រជុំ កាលពីថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី៕

RELATED ARTICLES