លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ បានចុះហត្ថលេខាទៅលើកញ្ចប់ថវិកា៧១៦ពាន់លានដុល្លារ សម្រាប់ការចំណាយទៅលើវិស័យការពារជាតិ ឆ្នាំ២០១៩ ដែលអនុញ្ញាតឱ្យ ដោយរួមបញ្ចូលទាំងការគ្រប់គ្រង ដែលមានភាពតិចជាងទៅលើកុងត្រារដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយនឹងឹក្រុមហ៊ុនចិន ZTE និង ក្រុមហ៊ុនបច្ចេកវិទ្យា Huawei។
នេះបើយោងតាមប្រភពព័ត៌មានពីរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្ន្នាំ២០១៨។
លោកដូណាល់ ត្រាំ បានចុះហត្ថលេខាច្បាប់នេះ នៅឯមូលដ្ឋាននទ័ពនៅទីក្រុងញូវយ៉ក តាមផ្លូវវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីចំណាយពេលវិសមកាល ១២ថ្ងៃ លេងកីឡាកូនហ្គោល នៅក្នុងរដ្ឋ New Jersey។
នៅក្នុងពិធីចុះហត្ថលេខានោះ លោកដូណាល់ ត្រាំ បានថ្លែងថា ស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យា វិស័យការពារជាតិ ចាំបាច់ត្រូវតែបង្កើនការចំណាយឱ្យស្របតាមកាលៈទេសៈ និងតម្រូវការ។ ទោះបីជាត្រាំ បាននិយាយបែបនេះក្តី ក៏ត្រូវបានសមាជិកមកពីគណបក្សផ្សេងទៀត បានធ្វើការរិះគន់ ដោយលើកឡើងថា បើប្រៀបធៀបទៅជាមួយនឹងរជ្ជកាលដឹកនាំរបស់លោកអូបាម៉ា គឺកើនឡើងបីដង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ថវិការជាតិ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកតំណាងរាស្ត្រខ្លះចង់ប្រើប្រាស់ច្បាប់នេះ ដើម្បីដាក់ទណ្ឌកម្មឱ្យបានតឹងតែងបំផុតទៅលើក្រុមហ៊ុន ZTE ដែលត្រូវបានចោទប្រកាន់ថា ដឹកជញ្ជូនផលិតផលខុសច្បាប់ចូ់លទៅប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង។
ជាការឆ្លើយតបទៅនឹងច្បាប់ក្រុមហ៊ុន Huawei បានថ្លែងប្រាប់កាសែតរ៉យទ័រថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គាំទ្រគោលដៅរដ្ឋាភិបាលអាមេរិក ទៅលើវិស័យសន្តិសុខ។
ទាក់ទងទៅនឹងការអនុម័តកញ្ចប់ថវិកាលើវិស័យការពារជាតិ ជាច្រើនលើសលប់របស់ដូណាល់ ត្រាំ បែបនេះ រដ្ឋាភិបាលចិន បានបង្ហាញការសោកស្តាយ និងជំទាស់ទៅនឹងច្បាប់នេះ ដោយលើកឡើងថា គឺជាការគំរាមគំហែងមកលើបណ្តាលប្រទេសដទៃ។ ជាងនេះទៅទៀត ចិន តែងតែចោទប្រកាន់អាមេរិក ថាជាអាណាព្យាបាលរបស់កោះតៃវ៉ាន់៕