Sunday, November 9, 2025
Homeព័ត៌មានជាតិម្តាយបំបៅដោះកូន ហាមធ្វើ៩ចំណុច

ម្តាយបំបៅដោះកូន ហាមធ្វើ៩ចំណុច

អ្នកម្តាយដែលកំពុងបំបៅដោះកូន អាហារ ដែលអ្នកបានទទួលទានចូលទៅ កូនតូចរបស់អ្នកក៏ទទួលបានសារធាតុទាំងនោះដូចគ្នាដែរ តាមរយៈទឹកដោះរបស់អ្នកម្តាយដែលកូនបានបៅ។ ដូច្នេះអ្នកម្តាយគួរទទួលទានអាហារណាដែលល្អចំពោះសុខភាព ដោយចៀសវាងនូវប្រការហាមឃាត់៩ចំណុច ដូចខាងក្រោម…។

១-ផឹកទឹកមិនបានគ្រប់គ្រាន់ ៖ បើអ្នកផឹកទឹកមិនបានគ្រប់គ្រាន់ ការផលិតទឹកដោះនឹងថយចុះ ធ្វើឱ្យមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់កូនបៅ ដូចនេះ អ្នកម្តាយត្រូវព្យាយាមផឹកទឹកឱ្យបានច្រើនរាល់ថ្ងៃ។

២-សម្រកទម្ងន់ និងបរិភោគអាហារមិនបានត្រឹមត្រូវ ៖ អំឡុងពេលបំបៅដោះកូន អ្នកម្តាយមិនគួរធ្វើការសម្រកទម្ងន់ដោយការតមអាហារនោះទេ ព្រោះការបំបៅដោះ ក៏អាចជួយសម្រកទម្ងន់បានខ្លះដែរ ហើយនៅពេលដែលអ្នកម្តាយទទួលទានអាហារមិនបានគ្រប់គ្រាន់ និងត្រឹមត្រូវ នឹងបាត់បង់សារធាតុចិញ្ចឹមក្នុងទឹកដោះ ធ្វើឱ្យកូនមិនបានទទួលសារធាតុអាហារ គ្រប់គ្រាន់សម្រាប់ការលូតលាស់ធំធាត់។

៣-ប្រើថ្នាំពន្យារកំណើត ៖ ការប្រើថ្នាំពន្យារកំណើត ក្នុងអំឡុងពេលបំបៅដោះកូន អាចប៉ះពាល់ដល់ដល់ការផលិតទឹកដោះ។ ដូច្នះបើអ្នកចង់ពន្យារកំណើត គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញពីវិធីពន្យារកំណើតផ្សេងដែលសមស្រប។

៤-ផឹកគ្រឿងស្រវឹង ៖ ទោះជាគ្មានការហាម អ្នកម្តាយបំបៅដោះកូន មិនឱ្យផឹកស្រាក៏ដោយ  តែដើម្បីសុវត្ថិភាពរបស់កូនតូច អ្នកម្តាយគួរកុំផឹកស្រា ឬគ្រឿងស្រវឹងល្អជាង។

៥-ទទួលទានកាហ្វេច្រើនពេក ៖ អ្នកម្តាយបំបៅដោះកូន គួរកាត់បន្ថយការផឹកកាហ្វេ។  បើមិនអាចអត់បាន គួរផឹកត្រឹមតែ១ពែង ក្នុង១ថ្ងៃបានហើយ ព្រោះជាតិកាហ្វេអ៊ីន អាចប៉ះពាល់ដល់ការលូតលាស់របស់កូនតូច។

៦-បរិភោគត្រីមានជាតិបារតខ្ពស់ ៖ ស្ត្រីបំបៅដោះកូន ចៀសវាងទទួលទានត្រីស្បៃកា  និងប្រភេទត្រីដែលផ្ទុកជាតិបារតខ្ពស់ផ្សេងៗ ជាពិសេស ត្រីទឹកប្រៃប្រភេទទឹកជ្រៅ។

៧-ទទួលទានខ្ទឹមសច្រើន ៖ ខ្ទឹមស នឹងផ្លាស់ប្តូររសជាតិទឹកដោះរបស់អ្នកម្តាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការបំបៅដោះកូន ឬធ្វើឱ្យកូនលែងចង់បៅដោះ។ ដូចនេះអ្នកម្តាយគួរទទួលទានខ្ទឹមសឱ្យតិចបំផុត ក្នុងអំឡុងពេលបំបៅដោះកូន។

៨-គ្រឿងទេស ៖ គ្រឿងទេសខ្លះដែលអ្នកប្រើផ្សំក្នុងម្ហូប អាចធ្វើឱ្យមានការរាំងស្ទះដល់ការផលិតទឹកដោះ ដូចជា ជីរអង្កាម ផ្កាចាន់ (ប៉ូចកាក់)៘ ដូចនេះអ្នកគួរសាកសួរចាស់ៗ ពីផលប៉ះពាល់របស់គ្រឿងទេសខ្លះ ក្នុងអំឡុងពេលបំបៅដោះកូន ដើម្បីបានចៀសវាងប្រើវា។

៩-ថ្នាំពេទ្យ ៖ ថ្នាំមួយចំនួនអាចប៉ះពាល់ដល់ការផលិតទឹកដោះ ដូច្នេះស្ត្រីដែលបំបៅដោះ កូន គួរចៀសវាងប្រើថ្នាំផ្សេងៗ ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕

Baby feeds on MOM’s breasts
RELATED ARTICLES