ខេត្តកណ្តាល ៖ នារីវ័យក្មេងជាកម្មការិនីរោងចក្រម្នាក់ ព្រោះតែធ្វើការងាររោងចក្រហត់នឿយខ្លាំងពេក ក៏ស្រាប់តែបែកគំនិតរកការងារស្រួលៗចំណាយកម្លាំងតិច បានលុយច្រើន ដោយដើរធ្វើសកម្មភាពវះកាបូបយកលុយពីប្រជាពលរដ្ឋ នៅតាមទីប្រជុំជន និងក្នុងផ្សារ ទីបំផុត ក្រោយពីជោគជ័យក្នុងអាជីពថ្មីបាន៥លើក ក៏ភ្លាត់ស្នៀតអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។
ករណីចោរស្រីវ័យក្មេងជំនាញដើរវះកាបូបអស់លក្ខណ៍នេះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ិចផ្លាស់អិនដាស់ស្ទ្រី មានទីតាំងស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

នារីជាជនសង្ស័យដើរវះកាបូបយកលុយ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះរូបនេះ មានឈ្មោះឈុន ហួយ អាយុ២៤ឆ្នាំ អតីតជាកម្មការិនីរោងចក្រ តែសព្វថ្ងៃដើរធ្វើសកម្មភាពវះកាបូប ស្នាក់នៅផ្ទះជួលក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះស្រីពៅ បានរត់គេចខ្លួនបាត់ស្រមោល ក្រោយធ្វើសកម្មភាពរួច។ រីឯជនរងគ្រោះ មានឈ្មោះឆាយ សុខនី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដោយឡែក ទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ប្រាក់ដុល្លារ១២០០ដុល្លារ និងប្រាក់រៀល១លាន ៤សែនរៀល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះទើបនឹងដើរចេញពីធ្វើការងាររោងចក្រ ស្រាប់តែក្រោយពីប្រជ្រៀតក្នុងហ្វូងមនុស្ស បំណងរកទិញម្ហូប ក៏បាត់លុយពីក្នុងកាបូបអស់គ្មានសល់ ហើយភ្លាមៗនោះ ក៏មានអ្នកប្រទះឃើញ នារីជាជនសង្ស័យខាងលើ រួមនឹងបក្ខពួកធ្វើសកម្មភាពវះកាបូបរបស់ស្ត្រីរងគ្រោះ ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ចាប់ក្របួចជាប់ នារីជិជានសង្ស័យបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយចាប់ខ្លួននារីសង្ស័យខាងលើ បានសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ប្រាក់ដុល្លារចំនួន៩០០ដុល្លារ ប្រាក់រៀលចំនួន១៥ម៉ឺនរៀល សៀវភៅបញ្ជីលុយចំនួន០២ក្បាល និងកាបូបជ័រពណ៌ស ស្នាមរហែក បណ្តោយមួយចំហៀងមានដៃយួរចំនួន១។
នៅចំពោះមុខសមត្ថកិច្ច នារីជាជនសង្ស័យឈ្មោះឈុន ហួយ បានឆ្លើយសារភាពថា នាងនិងបក្ខពួកម្នាក់ទៀត ឈ្មោះស្រីពៅ ពិតជាបានធ្វើសកម្មភាពវះកាបូបលួចប្រាក់ជនរងគ្រោះពិតប្រាកដមែន។ លុះធ្វើសកម្មភាពបានហើយ ចែកលុយគ្នាបានតែបន្តិច ក៏ត្រូវសមត្ថកិច្ចចុះមកដល់ ចាប់ខ្លួននាងបាន ចំណែកបក្ខពួកឈ្មោះស្រីពៅ បានរត់គេចខ្លួនបាត់។

នារីសង្ស័យខាងលើ បានបន្តថា តាមពិតដំបូងឡើយ នាងបានធ្វើការងារជាកម្មការិនីរោងចក្រធម្មតាទេ គ្មានគំនិតទុច្ចរិតដើរលួចឆក់គេបែបនេះឡើយ តែក្រោយមក ដោយសារធ្វើការងាររោងចក្រហត់ពេក ចង់រកការងារណាផ្សេងស្រួលៗ ចំណាយកម្លាំងតិចបានលុយច្រើន ក៏ត្រូវដៃគូឈ្មោះស្រីពៅ បបួលចេញធ្វើសកម្មភាពវះកាបូបគេតាមផ្សារ ឬតាមទីសាធារណៈ លុះពេលចេញធ្វើសកម្មភាពដំបូង ឃើញថាជោគជ័យ និងបានលុយមកយ៉ាងស្រួល ទើបនាងនិងដៃគូ ចេះតែបន្តសកម្មភាពនេះទៀត រហូតដល់ធ្លាប់ដើរវះកាបូបប្រាក់គេបានសម្រេចចំនួន៥លើករួចមក ហើយលុះលើកទី៦ ភ្លាត់ស្នៀត អស់លក្ខណ៍ ក៏ជាប់ខ្នោះតែម្តង។

នារីសង្ស័យខាងលើត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕