ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងចេញពីជប់លៀងនៅផ្ទះបងប្អូន ជិះម៉ូតូដឹកគ្នាបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសល ត្រូវរថយន្តកុងតឺន័រ១គ្រឿង បើកមកកៀរ បណ្តាលឱ្យស្ត្រីជាប្រពន្ធធ្លាក់ចូលក្រោមកង់រថយន្តកិនបាក់ភ្លៅទាំងសងខាង និងបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តីរងរបួសបែកក្បាល រីឯរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវ៣០ម៉ែត្រ ខាងលិចក្បែរផ្សារសុភមង្គល ត្រង់ចំណុចភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ស្ត្រីរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះចាន់ ណារី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកបុរសជាប្តីដែលរងរបួសបែកក្បាល មានឈ្មោះយា អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំណើតនៅខេ ស្វាយរៀង។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ និងជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១០០ ស៊េរីចាស់។ ដោយឡែក រថយន្តបង្កជាប្រភេទរថយន្តកុងតឺន័រ មិនចាំស្លាកលេខ ក្រោយកើតហេតុបានបើករត់គេចបាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បើកបរក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតមកកៀរម៉ូតូជនរងគ្រោះ២នាក់ប្តីប្រពន្ធ ធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធដែលអង្គុយក្រោយធ្លាក់បោកក្បាលទៅនឹងថ្នល់ ចំណែកជើងទាំង២ ត្រូវរថយន្តកុងតឺន័រកិនបាក់ខ្ទេច បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តីដួលបោកទៅនឹងថ្នល់បែកក្បាល។

ប្រភពដដែលបន្តថា បន្ទាប់ពីបង្កហេតុ កៀរម៉ូតូរួចកិនមនុស្សឱ្យស្លាប់ហើយ រថយន្តបង្កមិនបានឈប់មើលជនរងគ្រោះនោះទេ តែបានបន្ថែមល្បឿនទៅមុខទៀត គេចខ្លួនបាត់ស្រមោលតែម្តង។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ទើបនឹងចេញពីកម្មវិធីជប់លៀងនៅកន្លែងយានដ្ឋានជួសជុលរថយន្តរបស់បងប្អូន នៅភូមិទួលកី សង្កាត់ភ្លើងឆេះទេះ រួចក៏ជិះម៉ូតូដឹកគ្នាបំណងវិលត្រឡប់ទៅផ្ទះវិញ តែមិនទាន់ដល់ផ្ទះផង ទើបនឹងធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តកុងតឺន័របើកកៀរ រួចកិនប្តីរបួសធ្ងន់ ប្រពន្ធស្លាប់ កណ្តាលផ្លូវយ៉ាងរន្ធត់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកំណត់ហេតុ ដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយជាមួយជនរងគ្រោះតាមច្បាប់។

ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕