Sunday, November 9, 2025
Homeព័ត៌មានជាតិទៅគ្នា៥នាក់ លិចទូកស្លាប់តែម្នាក់ឯង គួរឲ្យអាណោចអាធ័មណាស់

ទៅគ្នា៥នាក់ លិចទូកស្លាប់តែម្នាក់ឯង គួរឲ្យអាណោចអាធ័មណាស់

ខេត្តក្រចេះ ៖ បុរសចំនួន៥នាក់ បាននាំគ្នាជិះទូកឆ្លងទឹកព្រែកទៅរកអុស លុះរកបានហើយ លើកអុសដាក់លើទូក រួចក៏ឆ្លងមកត្រើយម្ខាងវិញ តែដោយសារដាក់អុសច្រើនពេកលើសចំណុះ ធ្វើឱ្យទូកបានលិចកណ្តាលព្រែក បណ្តាលឱ្យបុរសម្នាក់ក្នុងចំណោម៥នាក់ ដែលមិនចេះហែលទឹកផងនោះ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ចំណែក៤នាក់ទៀត ត្រូវបានគេជួយសង្គ្រោះរួចរស់ជីវិត។

ហេតុការណ៍លិចទូកខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែចក (ទឹកស្រែនោះជម្រៅ២,៤០ម៉ែត្រ ដែលជន់លិចមកពីទឹកព្រែកឆ្លូង) ស្ថិតក្នុងចម្ងាយ១៥០០ម៉ែត្រ ពីភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បុរសជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍លិចទូកកណ្តាលព្រែកនេះ មានឈ្មោះយូ ភា អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះរួមនឹងអ្នកភូមិ៤នាក់ទៀត បាននាំគ្នាជិះទូក១គ្រឿងឆ្លងព្រែកឆ្លូង ចេញពីត្រើយខាងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បំណងទៅរកអុសនៅត្រើយម្ខាងក្នុងទឹកដីស្រុកឆ្លូង ខេត្តក្រចេះ។ រហូតមកដល់វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែល បន្ទាប់ពីរកអុសបានច្រើនល្មមគ្រប់គ្រាន់ហើយ ក៏បបួលគ្នាលើកអុសនោះដាក់លើទូក រួចក៏ឡើងទូកទាំងអស់គ្នា ឆ្លងចេញពីត្រើយម្ខាងព្រែកឆ្លូង ក្នុងទឹកដីស្រុកឆ្លូង ខេត្តក្រចេះ មកទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ វិញ ប៉ុន្តែជាអកុសល ពេលឆ្លងទូកមកដល់ចំណុចកើតហេតុខាងលើ (កណ្តាលព្រែក) ទូកនោះក៏បានលិចបាត់ទៅក្នុងទឹកតែម្តង។

ប្រភពដដែល បន្តថា ខណៈដែលទូកនោះលិច អ្នកទាំង៥ បានប្រឹងប្រែងហែលទឹក និងស្រែកឱ្យប្រជានេសាទក្បែរនោះជួយ ប៉ុន្តែ ភ្លាមៗនោះ ប្រជានេសាទជួយសង្គ្រោះបានតែមនុស្ស៤នាក់ប៉ុណ្ណោះ ចំណែកឯជនរងគ្រោះមិនចេះហែលទឹកផង ទើបធ្វើឱ្យលិចទៅក្នុងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ផងដែរ និងបានសន្និដ្ឋានថា មូលហេតុដែលទូកលិចកណ្តាលព្រែកនេះ គឺបណ្តាមកពីការដាក់អុសនៅលើទូកលើសចំណុះ ទើបបណ្តាលឱ្យលិចបែបនេះ។

សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES