Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង ជួបសាច់ញាតិរបស់ខ្លួននៅកូរ៉េខាងជើង

កូរ៉េខាងត្បូង ជួបសាច់ញាតិរបស់ខ្លួននៅកូរ៉េខាងជើង

កាលពីថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ កូរ៉េទាំងពីរ បានរៀបចំឱ្យមានជំនួបសាច់ញាតិ បងប្អូនកូរ៉េទាំងពីរ ដែលបានបែកបាក់គ្នានៅក្នុងសម័យសង្គ្រាម ចន្លោះឆ្នាំ១៩៥០-១៩៥៣ ដែលធ្វើឱ្យពួកគេបែកបាក់បងប្អូនកូនចៅ និងប្តីប្រពន្ធ។

នេះគឺជាជំនួបលើកទី១ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ជំនួបនេះចង់ធ្វើឡើងនៅតំបន់ភ្នំ Kum Gang ដែលជាតំបន់រមណីយដ្ឋានមួយកន្លែង នៅក្នុងកូរ៉េខាងជើង។ ចាព់តាំងពីឆ្នាំ១៩៩៨ មានក្រុមគ្រួសារចំនួនជាង១៣ម៉ឺននាក់ បានដាក់ពាក្យសុំជួបជុំបងប្អូន ក៏ប៉ុន្តែ គិតមកដល់ពេលនេះ ក្នុងចំណោមអ្នកដាក់ពាក្យទាំងនោះ បានស្លាប់អស់៧៥,៧៤១នាក់ នៅសល់តែ៥៦,៨៦២នាក់។

នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូល ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។

ជំនួបនេះធ្វើឡើងតាមរយៈការចាប់ឆ្នោត ដោយជ្រើសរើសយកក្រុមគ្រួសារកូរ៉េខាងជើង ចំនួន៨៣នាក់ និងកូរ៉េខាងត្បូង ៨៩នាក់ ឱ្យជួបជុំគ្នា។ នៅក្នុងជំនួបនេះដែរ គេឃើញមានបុរសដែលវ័យចំណាស់១០១ឆ្នាំម្នាក់ ដែលបានជាប់ឆ្នោតមកជួបជុំបងប្អូនដែរ។

ស្ត្រីម្នាក់វ័យ៩២ឆ្នាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានទាំងទឹកភ្នែករលីងរលោងថា នេះគឺជាលើកទី១ហើយ ដែលខ្ញុំបានឃើញកូនប្រុសរបស់ខ្ញុំ ចាប់តាំងពីបញ្ចប់សង្គ្រាមកូរ៉េ។

ជំនួបនេះធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ប៉ុន្តែសាច់ញាតិរបស់ពួកគេអាចជួបគ្នាបានត្រឹមតែ២-៣ម៉ោងប៉ុណ្ណោះ ក្នុង១ថ្ងៃ។ នៅក្នុងជំនួបនោះ គេឃើញប្រជាជនដែលមកពីកូរ៉េខាងត្បូង បានទិញអំណោយធ្វើកាដូដល់សាច់ញាតិរបស់គេ ដែលភាគច្រើន សុទ្ធតែជាអ្នកក្រីក្រ មានដូចជា សម្លៀកបំពាក់ ថ្នាំពេទ្យ និងម្ហូបអាហារ។

គួររំលឹកថា ក្រោយពីស្ថានភាពការទូតរវាងប្រទេសទាំងពីរ បានធូរស្រាលឡើងវិញ ធ្វើឱ្យរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិប្រទេសទាំងពីរ រៀបចំឱ្យមានជំនួបនេះឡើង៕

RELATED ARTICLES