Sunday, November 9, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់ ក្មេងស្រីអាយុ១៥ឆ្នាំ ជំអឺឆ្កួតជ្រូកធ្វើទុក្ខ ប្រកាច់ស្លាប់

អាណោចអាធ័មណាស់ ក្មេងស្រីអាយុ១៥ឆ្នាំ ជំអឺឆ្កួតជ្រូកធ្វើទុក្ខ ប្រកាច់ស្លាប់

ខេត្តមណ្ឌលគិរី ៖ យុវតីម្នាក់បានកើតមានជំងឺឆ្កួតជ្រូកប្រចាំកាយតាំងពីតូច ដោយចេះតែប្រកាច់បែកពពុះមាត់ ថប់ដង្ហើមស្ទើរស្លាប់ស្ទើររស់ លុះខណៈដែលឪពុកម្តាយកំពុងហូបបាយនៅលើផ្ទះ យុវតីរូបនេះ ក៏ចុះទៅរកបត់ជើងតូចនៅខាងក្រោយផ្ទះ ស្រាប់តែជំងឺធ្វើទុក្ខ បណ្តាលឱ្យប្រកាច់រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកដឹង និងជួយសង្គ្រោះទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិពូត្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ។

យុវតីរងគ្រោះដែលប្រកាច់ស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះស៊ុម ស្រីលីន អាយុ១៥ឆ្នាំ មានស្រុកកំណើតនៅភូមិអណ្តូងរងៀង ឃុំសេដា ស្រុកដំបែរ ខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅភូមិឃុំកន្លែងកើតហេតុខាងលើ។

តាមប្រភពពីបុរសឈ្មោះយ៉យ ធូ ត្រូវជាឪពុកបង្កើតរបស់យុវតីរងគ្រោះ បានឱ្យដឹងថា កូនស្រីរបស់គាត់ (ជនរងគ្រោះ) បានកើតមានជម្ងឺឆ្កួតជ្រូកតាំងពីវ័យក្មេងមកម៉្លេះ ដោយឧស្សាហ៍ប្រកាច់តាំងពីអាយុ៤ឆ្នាំ ហើយពេលប្រកាច់ម្តងៗ កូនស្រីគាត់ចេះតែមានអាការៈ ថប់ដង្ហើម ស្ទើរស្លាប់ស្ទើររស់។

បុរសជាឪពុករូបនេះ បន្តថា នៅមុនពេលកើតហេតុ កូនស្រីនេះបានចុះពីលើផ្ទះ ទៅរកកន្លែងបត់ជើងតូច នៅខាងក្រោយផ្ទះប្រមាណ១០ម៉ែត្រ ចំណែកពួកគាត់ជាឪពុកម្តាយ កំពុងនៅលើផ្ទះហូបបាយកក និងបានបើកវិទ្យុសំឡេងលឺខ្លាំងៗ ទើបមិនលឺសំឡេងកូនប្រកាច់។ ស្រាប់តែបន្តិចក្រោយមក កូនតូចរបស់គាត់ម្នាក់ បានរត់មកប្រាប់ថា ឃើញបងស្រីប្រកាច់នៅក្រោយផ្ទះ ទើបពួកគាត់បានស្ទុះទៅមើល តែអកុសល ពេលគាត់ចុះទៅដល់ ឃើញកូនស្រីសន្លប់ផ្គាប់មុខ ហើយយកមកលើផ្ទះជួយសង្គ្រោះដែរតែជួយមិនបាន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចបញ្ជាក់ថា យុវតីរងគ្រោះពិតជាស្លាប់ដោយសារជម្ងឺឆ្កួតជ្រូកប្រកាច់ថប់ដង្ហើមប្រាកដមែន ហើយនៅលើសាកសពឃើញមានរលាត់សើស្បែកលើភ្នែក គោលជើងខាងឆ្វេង ក្រៅពីនេះមិនមានស្លាកស្នាមអ្វីឡើយ។

សាកសពយុវតីខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES