ខេត្តស្ទឹងត្រែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានកើតមានជំងឺក្តៅរោលក្នុងខ្លួន ព្រមទាំងឈឺសន្លាក់ដៃជើងមួយរយៈមកហើយ លុះឮល្បីថា មានគ្រូម្នាក់ពូកែព្យាបាលជំងឺរាប់រយមុខ ក៏ប្រាប់ឱ្យកូនស្រីនាំទៅឱ្យគ្រូរូបនោះព្យាបាល តាមរយៈការចូលរូបប្រើមន្តអាគមអូមអាមព្យាបាលជំងឺ ដឹងអី! ទៅដល់គ្រូចូលរូប ដែលអួតអាងថា មានបារមីចូលសណ្ឋិតក្នុងខ្លួន បានរួមដៃនឹងប្រពន្ធរបស់ខ្លួន ព្រួតគ្នាយកដំបងមកវាយ និងជាន់កអ្នកជំងឺ ដោយប្រាប់ថា បណ្តេញខ្មោចព្រាយចេញពីខ្លួន ទីបំផុត ដោយទទួលរងទារុណកម្មពីសំណាក់ប្តីប្រពន្ធគ្រូចូលរូបមិនបាន ស្ត្រីរងគ្រោះជាអ្នកជំងឺក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកប្តីប្រពន្ធគ្រូប៉ោក ដឹងក្លិនមិនស្រួល ក៏ប្រើល្បិចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏គួរឱ្យហួសចិត្តខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្រូប៉ោក ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

ស្ត្រីរងគ្រោះដែលត្រូវគ្រូចូលរូប២នាក់ប្តីប្រពន្ធ ប្រើវិធីព្យាបាលជំងឺដោយអួតថា មានបារមីចូលសណ្ឋិត រួចព្រួតវាយជាន់ករហូតដល់ស្លាប់ មានឈ្មោះឡុង សែម អាយុ៦៤ឆ្នាំ មានលំនៅក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យទាំង២នាក់ រួមមាន ទី១-ឈ្មោះស៊ុ ស្រុង (គ្រូចូលរូប) និងទី២. ឈ្មោះឈន់ (ត្រូវជាប្រពន្ធគ្រូចូលរូប)។ ប្តីប្រពន្ធគ្រូប៉ោកខាងលើនេះ មានលំនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

ក្រោយកើតហេតុ កូនស្រីរបស់ស្ត្រីរងគ្រោះបានស្រែកឆោឡោផ្អើលដល់អ្នកជិតខាង មកចោមរោមមើល រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់មកសមត្ថកិច្ចក៏បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារតែទទួលរងទារុណកម្មខ្លាំងពេក រហូតដល់ទ្រាំទ្រលែងបានក៏ដាច់ខ្យល់ស្លាប់តែម្តង។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តត្បូងឃ្មុំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ជនសង្ស័យ២នាក់ប្តីប្រពន្ធ (គ្រូប៉ោក) សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕
