ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ដោយសារតែកើតមានអាការៈមិនសូវស្រួលខ្លួន ទើបបបួលមិត្តភក្តិឱ្យជួយជូនទៅរកកន្លែងម៉ាស្សា បំណងសម្រួលសរសៃចេញម្តង ដឹងអី! ម៉ាស្សារួច បើកកាបូបមើល ទើបដឹងថា បាត់លុយអស់១០០ដុល្លារ ក៏ស្រែកឆោឡោថា គេម៉ាស្សាម្តងតែ១ម៉ឺនរៀល ហេតុអ្វីខ្លួនម៉ាស្សាម្តង អស់ដល់ទៅ១០០ដុល្លារ។

ហេតុការណ៍ប្រុសចូលម៉ាស្សាសម្រួលសរសៃ បែរជាត្រូវស្រីលួចលុយម៉ត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាកោសជប់ យីហោ “ហេងហេង” មានទីតាំងស្ថិតនៅទល់ មុខស្ថានីយប្រេងឥន្ធនៈ លីម ឡុង តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
បុរសរងគ្រោះដែលត្រូវនារីម៉ាស្សាលួចលុយអស់១០០ដុល្លារ មានវ័យប្រមាណជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ និងពាក់មួកពណ៌ខ្មៅ។ ចំណែកនារីម៉ាស្សាមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់គឺជាកម្មករសំណង់ លុះក្រោយពីធ្វើការធ្ងន់ មានអារម្មណ៍ថាដូចជាមិនសូវស្រួលខ្លួន ក៏បានពឹងមិត្តភក្តិម្នាក់ ឱ្យជួយជូនខ្លួនមករកកន្លែងកោសជប់ម៉ាស្សា ដើម្បីសម្រួលសរសៃចេញម្តង រួចក៏ត្រូវមិត្តភក្តិនាំចូលមកហាងម៉ាស្សា “ហេងហេង” ខាងលើ។ លុះចូលទៅដល់ ក៏មាននារីម៉ាស្សាម្នាក់បានចេញមកទទួលគាត់ និងបាននាំគាត់ចូលទៅក្នុងបន្ទប់ ប្រាប់ឱ្យដោះសម្លៀកបំពាក់ចេញព្យួរទុក ស្លៀកកន្សែង រួចឡើងដេកផ្កាប់មុខនៅលើគ្រែ ដោយមិនឱ្យគាត់ងាកឆ្វេងស្តាំឡើយ ពោលគឺឱ្យឈ្ងោកមុខចុះជាប់នឹងពូកតែម្តង។ ចំណែកគាត់ក៏មិនបានតវ៉ាអ្វីដែរ សុខចិត្តធ្វើតាមគេគ្រប់បែបយ៉ាង លុះពេលកំពុងកោសជប់ មានអារម្មណ៍ថាស្រួលខ្លួន ក៏ដេកលង់លក់ មួយភាំងទៅ។

បុរសរងគ្រោះ បន្តថា លុះដឹងខ្លួនឡើងវិញ ក៏កោសជប់រួចល្មម ទើបគាត់បានក្រោកទៅរៀបចំស្លៀកពាក់វិញ រួចក៏ហូតយកកាបូបលុយពីក្នុងហោប៉ៅខោ បំណងយកលុយឱ្យថ្លៃម៉ាស្សាចំនួន១ម៉ឺនរៀល ស្រាប់តែពេលរាប់លុយមើល ទើបដឹងថា បាត់អស់១០០ដុល្លារ ទើបគាត់បានសួរនាំនារីម៉ាស្សា និងត្រូវនាងប្រកែកថា មិនបានយកនោះទេ ធ្វើឱ្យកើតមានការឈ្លោះប្រកែកគ្នាមួយប្រាវ។

បុរសរងគ្រោះ បានឱ្យដឹងទៀតថា លុះបន្តិចក្រោយមក ក៏មានបុរសម្នាក់ដែលជាតំណាងខាងហាងម៉ាស្សា បានចេញមកដោះស្រាយ ដោយព្រមចេញសំណងចំនួន២០ម៉ឺនរៀល ឱ្យគាត់ជាជនរងគ្រោះដើម្បីបញ្ចប់រឿង តែគាត់មិនព្រមនោះទេ ចង់លុយគ្រប់ចំនួនដែលបាត់ត្រឡប់មកវិញ។ ពេលនោះ ក៏ត្រូវខាងហាងម៉ាស្សានិយាយថា ចង់ប្តឹងដល់លោកណា ក៏ប្តឹងទៅ គេមិនខ្វល់ទេ ទើបធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ក៏ទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការសួរនាំ និងសម្របសម្រួល រហូតដល់ភាគីខាងហាងម៉ាស្សាព្រមចេញសំណង ចំនួន១០០ដុល្លារ ឱ្យជនរងគ្រោះដើម្បីបញ្ចប់រឿង៕