ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានចេញទៅបង់សំណាញ់នៅកន្លែងដែលមានទឹកហូរខ្លាំង លុះអកុសល ភ្លាត់ស្នៀត ទាក់ដៃជាប់ខ្សែសំណាញ់ បណ្តាលឱ្យទាញធ្លាក់ចូលទឹកកំពុងហូរ និងត្រូវបានអ្នកភូមិជួយចុះរាវរកភ្លាមៗដែរ តែរកមិនឃើញ រហូតដល់ជិត១ម៉ោងក្រោយមក ទើបរាវឃើញជនរងគ្រោះរមូរជាប់នឹងសំណាញ់ស្លាប់យ៉ាងអាណោចអធ័ម។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង កាលពី១និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអូរខៃដន ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
យុវជនរងគ្រោះ ដែលបង់សំណាញ់ទាក់ជាប់ដៃ បណ្តាលឱ្យធ្លាក់ទឹកលង់ស្លាប់ មានឈ្មោះវី អាយុ២១ឆ្នាំ មានលំនៅភូមិផសារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកម៉ា រិន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់និមិត្ត បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅបង់សំណាញ់លើខ្នងប្រឡាយបង្ហូរទឹកខាងកើតជាប់អាងអូរខៃដន ស្ថិតក្នុងភូមិកើត ហេតុខាងលើ។ លុះពេលជនរងគ្រោះគ្រវាត់សំណាញ់ទៅក្នុងទឹក ស្រាប់តែខ្សែសម្រាប់ទាញស្រាវសំណាញ់មកវិញ បែរជារមូរ ហើយចៃដន្យ សំណាញ់ក៏ទាក់ដៃជនរងគ្រោះទៀត ជាហេតុធ្វើឱ្យជនរងគ្រោះធ្លាក់ចូលទៅក្នុងទឹកដែលកំពុងហូរខ្លាំងកួចយកទៅបាត់។
លោកនាយប៉ុស្តិ៍ បន្តថា ភ្លាមៗអ្នករកត្រីខ្លះបានចុះជួយរកតែមិនឃើញ ទាល់តែគេបិទមុខទឹកបង្ហៀរតិចៗ ធ្វើឱ្យទឹកស្រក ទើបនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃដដែល ទើបគេបានរកឃើញជនរងគ្រោះត្រូវសំណាញ់រុំជាប់ដូចបាល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចប្រគល់ជូនគ្រួសារយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោកមេប៉ុស្តិ៍បញ្ជាក់ថា ដោយព្រួយបារម្ភពីករណីខាងលើ ខ្លាចកើតមានជាថ្មី លោកទទួលបទបញ្ជាពីលោកវរសេនីយឯក ធិន ស៊ិនដេត អធិការនគរបាលក្រុង ចុះអប់រំពលរដ្ឋ ពិសេសក្មេងៗដែលចុះលេងតាមមុខទឹកហូរនានាជាច្រើនកន្លែង ក្នុងមូលដ្ឋាន ដើម្បីឱ្យមានការប្រុងប្រយ័ត្ន៕