Sunday, November 9, 2025
Homeព័ត៌មានជាតិក្មេងខែ្មរ២នាក់ ត្រូវជនជាតិថៃ កាប់របួសធ្ងន់ ខឹងបាចត្រីក្នុងទឹកដី

ក្មេងខែ្មរ២នាក់ ត្រូវជនជាតិថៃ កាប់របួសធ្ងន់ ខឹងបាចត្រីក្នុងទឹកដី

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសជាជនជាតិខ្មែរចំនួន៦នាក់ ដែលមានលំនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បាននាំគ្នាចូលទៅរកបាចត្រីនៅក្នុងទឹកដីថៃ ចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ក៏ស្រាប់តែត្រូវជនជាតិថៃ ដេញវាយនិងកាប់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់ចំនួន២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ប្រាប់ថា ក្មេងរងគ្រោះទាំង២នាក់ ដែលត្រូវជនជាតិថៃ កាប់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះ គៀត លីហួ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យថ្មពួក និងបន្តទៅមន្ទីរពេទ្យបង្អែកមង្គលបូរី និងទី២-ឈ្មោះជឿង ជួង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់បែកក្បាល ត្រូវបានម្តាយដឹកយកទៅព្យាបាលនៅពេទ្យឯកជននៅបឹងត្រួន។ ចំណែក៤នាក់ទៀត អត់ទាន់ស្គាល់ឈ្មោះ (មិនមានរបួស)។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសៗទាំង៦នាក់ បាននាំគ្នាដើរចូលទៅត្រង់ចំណុចដើមជើងគោ ឬដើមស្តៅ១០០ ដើម្បីបាចត្រីនៅក្នុងស្រែ ស្រាប់តែជួបហេតុការណ៍ហិង្សា ដោយត្រូវជនជាតិថៃ ដេញវ៉ៃនិងកាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់២នាក់តែម្តង ចំណែក៤នាក់ទៀត រត់គេចទាន់ មិនមានរងរបួសនោះទេ។

លោកមេបញ្ជាការរូបនេះ បញ្ជាក់ថា យ៉ាងណាក្តី ទោះជាក្មេងៗចូលទៅបាចត្រីនៅក្នុងទឹកដីថៃ គឺជារឿងខុសឆ្គងក៏ដោយ ប៉ុន្តែជនជាតិថៃ ក៏មិនត្រូវដល់ថ្នាក់ដេញវាយ និងកាប់គ្នាឱ្យរងរបួសនោះទេ។ ចំពោះករណីនេះលោកនឹងសហការជាមួយកម្លាំងនគរបាលអធិការស្រុក និងកម្លាំងទំនាក់ទំនងព្រំដែន ធ្វើការសហការជាមួយសមត្ថកិច្ចថៃ ស្រាវជ្រាវ និងស្វែងរកជនដៃដល់ មកសួរនាំពីរឿងពិតប្រាកដ៕

RELATED ARTICLES