ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតមកពីបណ្តាប្រទេសជាច្រើន ដែលបានជួបប្រជុំគ្នានៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី27 ខែសីហា ឆ្នាំ2018 លោកម៉ាណូអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានថ្លែងថា សហភាពអឺរ៉ុប គួរតែលែងពឹងពាក់ទៅលើសហរដ្ឋអាមេរិក សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ។
នេះបើយោងតាមប្រភពព័ត៌មានពី CNN ចេញផ្សាយកាលពីថ្ងៃពុធ ទី28 ខែសីហា ឆ្ន្ន្នាំ2018។
លោកម៉ាក្រុង បានឱ្យដឹងទៀតថា នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ បញ្ហាសន្តិសុខ វាអាស្រ័យទៅលើយើងផ្ទាល់ខ្លួនដែលត្រូវទទួលខុសត្រូវ និងធានាពីបញ្ហាសន្តិសុខផ្ទាល់ខ្លួនយើង។
ចាប់តាំងពីឡើងកាន់អំណាច ក្នុងឆ្នាំ2016 លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានតាំងខ្លួនជាបងធំសន្តិសុខ ប្រចាំទ្វីបអឺរ៉ុប។
លោកម៉ាក្រុង បានក្រើនរំព្ញកឱ្យបណ្តាប្រទេសនៅទ្វីបអឺរ៉ុប គិតពិចារណាឡើងវិញ និងចេះការពារខ្លួនឯង នៅថ្ងៃអនាគត។
ជាមួយគ្នានេះដែរ ប្រធានាធិបតីបារាំង ក៏បានរិះគន់ទៅដល់សហភាពអឺរ៉ុប ដែលតែងតែបានចំណាយលុយជាច្រើនទៅលើវិស័យការពារជាតិ អស់រយៈពេលជាច្រើនទសវត្សមកហើយ ប៉ុន្តែប្រព័ន្ធសន្តិសុខនៅអឺរ៉ុប នៅតែមានភាពចន្លោះប្រហោងដដែល៕