យោងតាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា វាសនារបស់កីឡាករ Aaron Ramsey ជាមួយក្លឹប Arsenal នឹងត្រូវប្រកាសឱ្យដឹងច្បាស់នៅខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
កីឡាករសញ្ជាតិវែលរូបនេះ អាចចាកចេញពីក្លឹប Arsenal ដោយគ្មានតម្លៃខ្លួន នៅពេលដែលកុងត្រារបស់គាត់អស់សុពលភាពនៅរដូវក្តៅបន្ទាប់។ រហូតមកដល់ពេលនេះ កិច្ចពិភាក្សាកុងត្រាថ្មីរវាងក្លឹប និងកីឡាករ មិនទាន់បានធ្វើនៅឡើយទេ ហើយេទោះជាប្រធានក្លឹបមានបំណងបន្តកុងត្រាថ្មីក៏ដោយ។
ក្លឹបកាំភ្លើងធំ Arsenal តែងតែបរាជ័យចំពោះការទាមទាររបស់កីឡាករ ក្នុងការបន្តកុងត្រាថ្មី ជាឧទាហរណ៍ ករណីកីឡាករ Masut Ozil ដែលទាមទារតម្លៃខ្លួនជាង៤០ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។
លោក Unai Emery គ្រូបង្វឹកក្លឹប Arsenal បានថ្លែងសរសើរកីឡាករ Ramsey ថា ជាកីឡាករដែលមានល្បឿនលឿន និងមានថាមពលខ្លាំង អាចលេងបាន៩០នាទីពេញ។
កីឡាករ Ramsey បានចូលមកលេងឱ្យក្លឹប Arsenal តាំងពីឆ្នាំ២០០៨ ក្រោយផ្ទេរមកពីក្លឹប Cardiff។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៣៦គ្រាប់ ក្នុងការបង្ហាញវត្តមាន២៣៧ប្រកួត”