បើទោះជាដឹកនាំ៣ប្រកួតដំបូងបើករដូវកាល ចាញ់ដល់ទៅ២ប្រកួតយ៉ាងណាក៏ដោយ គ្រូបង្វឹកដែលមានរហស្សនាមថា Special One លោក Jose Morinho នៅតែមានមោទនភាពចំពោះខ្លួនឯងថា ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ដដែល នៅក្នុងក្របខណ្ឌលីកកំពូលអង់គ្លេស។
ទោះជាយ៉ាងណាក្តី លោកបានទទួលស្គាល់ការបរាជ័យជាមួយ Totenham កាលពីយប់ថ្ងៃចន្ទ ដោយចាត់ទុកថា ជាកំហុសឆ្គងមួយក្នុងការរៀបទម្រង់លេង។
ក្រោយពីបរាជ័យយ៉ាងអាម៉ាស់ក្នុងទឹកដីខ្លួនឯង ៣-០ ក្រោមថ្វីជើងរបស់មាន់ខ្នាយមាស Tottenham លោក Morinho បានទទូចសុំឱ្យអ្នកគាំទ្របន្តគោរព និងមានទំនុកចិត្តចំពោះលោកក្នុងការដឹកនាំបិសាចក្រហម Man Utd តទៅទៀត។
លោកបានបន្តទៀតថា ខ្ញុំគឺជាគ្រូបង្វឹកដែលឈ្នះពានរង្វាន់ English Premier League ច្រើនជាងគេ ក្នុងចំណោមគ្រូបង្វឹកក្លឹបទាំង១៩ ក្នុងលីកកំពូលអង់គ្លេសនេះ។
៣គ្រាប់របស់ Tottenham រកបានដោយកីឡាករខ្សែប្រយុទ្ធ Harry Kane នាទី៥០ និង២គ្រាប់ទៀត រកបានដោយកីឡាករខ្សែបម្រើប្រយុទ្ធ Lucas Moura នៅនាទី៥២ និង៨៤។
ក្រោយការបរាជ័យ លោក Morinho មិនបានផ្តល់បទសម្ភាសន៍ឱ្យអ្នកកាសែតនោះទេ ដោយគ្រាន់តែសុំឱ្យអ្នកកាសែតគោរពសិទ្ធិរបស់លោក៕