នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន BBC កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ លោក Zeid Raad Al Hussein ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា លោកស្រីអ៊ុង សានស៊ូជី ម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាព គួរតែលាលែងចេញពីតំណែង ដោយសារតែលោកស្រីមិនអាចទប់ស្កាត់អំពើហិង្សាប្រឆាំងទៅនឹងជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា នៅក្នុងខេត្តរ៉ាក់ឃីន កាលពីឆ្នាំទៅមិញ។
លោក Hussein បាននិយាយថា លោកស្រីគួរតែពិចារណាវិលត្រឡប់ទៅរកការឃុំខ្លួនក្នុងផ្ទះ ជាជាងការអភ័យទោសឱ្យមន្ត្រីយោធាមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តអំពើហិង្សា សម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា។
នៅក្នុងរបាយការណ៍ដែលមានកម្រាស់ជាច្រើនទំព័រ របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានស្តីបន្ទោសលោកស្រីអ៊ុង សានស៊ូជី មេដឹកនាំចលនាតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ថា បរាជ័យមិនអាចទប់ស្កាត់អំពើហិង្សា ដែលបណ្តាលឱ្យស្លាប់មនុស្សរាប់រយនាក់ និងមនុស្សជាង៧០ម៉ឺននាក់ទៀត រត់ភៀសខ្លួនទៅបង់ក្លាដេស។
លោក Hussein ក៏បានថ្លែងទៀតថា នៅក្នុងហេតុការណ៍សម្លាប់រង្គាលនេះ ក្នុងឋានៈជាទីប្រឹក្សារដ្ឋ លោកស្រីអ៊ុង សានស៊ូជី មិនគួរនៅស្ងៀមនោះទេ គួរតែរកវិធានការទប់ស្កាត់ចំពោះទង្វើរបស់យោធា ដែលបានបង្ក្រាបទៅលើប្រជាជនស្លូតត្រង់ ផ្ទុយទៅវិញ លោកស្រីបែរជាចេញមុខការពារមេដឹកនាំយោធាទៅវិញ។ កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិ បានដាក់ពាក្យប្តឹងមេដឹកនាំយោធាកំពូលៗទៅតុលាការ ICC ពីបទប្រល័យពូជសាសន៍ប្រឆាំងមនុស្សជាតិ។
លោកស្រីអ៊ុង សានស៊ូជី ត្រូវបានរបបយោធាភូមា ចាប់ឃុំខ្លួនក្នុងផ្ទះ អស់រយៈពេល ១៦ឆ្នាំ”