មួយថ្ងៃ បន្ទាប់ពីលោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសថា នឹងពិនិត្យមើលឡើងវិញនូវគម្រោងធ្វើសមយុទ្ធយោធាជាមួយប្រទេសកូរ៉េខាងត្បូង ឥឡូវនេះ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បែរជាលើកសរសើររបបគីម ជុងអ៊ុន និងចាត់ទុកការធ្វើលំហាត់សមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ថា ជាការមិនចាំបាច់។
នេះបើយោងតាមប្រភពព័ត៌មានពី Reuters ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសើរពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អ រវាងលោកនិងលោកគីម ជុងអ‘នុ បើទោះជាកូរ៉េខាងជើង មិនទាន់បានរំលាយអាវុធនុយក្លេអែ‘រក៏ដោយ។
ជាមួយគ្នានេះដែរ លោកដូណាល់ ត្រាំ ក៏បានស្តីបន្ទោសទៅដល់ប្រទេសចិន ថាជាឧបសគ្គរារាំងក្នុងដំណើរការរំលាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
ត្រាំ បានថ្លែងថា ប្រទេសចិន បានបង្កឱ្យមានភាពស្មុគស្មាញច្រើន និងមិនបានជួយជ្រោមជ្រែងឱ្យប្រទេសកូរ៉េខាងជើង ក្នុងការរំលាយរោងចក្រផលិតអាវុធនុយក្លេអ៊ែរនោះទេ។
ត្រាំ បានថ្លែងបន្តទៀតថា ជម្លោះសង្គ្រាមពាណិជ្ជកម្មជាមួយចិន គឺជាផ្អែកមួយដែលរារាំងក្នុងដំណើរការបំផ្លាញអាវុធនុយក្លេអ៊ែរ។
ទោះជាយ៉ាងណា លោកបាននិយាយទៀតថា សហរដ្ឋអាមេរិក នៅតែប្រកាន់ជំហររឹងមាំជាមួយនឹងប្រទេសចិន ដោយសារតែវាអយុត្តិធម៌ និងអតុល្យភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសចិន។
សហរដ្ឋអាមេរិក ធ្លាប់ចោទប្រកាន់ប្រទេសចិន ថាជាអ្នកផ្តល់ជំនួយដ៏ច្រើនទៅលើទីក្រុងព្យុងយ៉ាង ដោយរួមបញ្ចូលទាំងប្រេងឥន្ធនៈ ជីកសិកម្ម និងរបស់របរប្រើប្រាស់ជាច្រើនទៀត។ ទាំងនេះហើយដែលធ្វើឱ្យកូរ៉េខាងជើង មិនសូវស្តាប់តាមសហរដ្ឋអាមេរិក។
ដូចដែលយើងដឹងស្រាប់ហើយ ទីក្រុងប៉េកាំង គឺជាសម្ព័ន្ធមិត្តដ៏ស្និទ្ធបំផុតជាមួយលោក គីម ជុងអ៊ុន៕