ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះស្រវឹងស្រាម្តងៗចេះតែប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកច្រើនសារ តែត្រូវប្រពន្ធកូនលួងលោម និងទិញថ្នាំងងុយដេកឱ្យលេប ដើម្បីរំងាប់អារម្មណ៍ លុះឆ្លៀតពេលប្រពន្ធភ្លេចខ្លួន បុរសជាប្តីក៏ក្រោកពីដំណេករត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចជង្រុកស្រូវ ស្ថិតក្នុងភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះប្លុង លឿន អាយុ៥២ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះផាត់ ថា ហៅអ៊ុន និងមានលំនៅក្នុងភូមិសិង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់បានមានជំងឺសរសៃប្រសាទ មួយរយៈមកហើយ ដោយសារតែប្តី គាត់ជាមនុស្សចូលចិត្តផឹកស្រា និងផឹកស្រវឹងរាល់ថ្ងៃ ហើយនៅពេលស្រវឹងម្តងៗ តែងតែចង់សម្លាប់ខ្លួន តែត្រូវបានពួកគាត់ជាប្រពន្ធកូន រួមនឹងបងប្អូនចេះតែលួងលោម និងទិញថ្នាំងងុយដេកឱ្យលេប ដើម្បីឱ្យគាត់រំងាប់អារម្មណ៍កុំឱ្យសម្លាប់ខ្លួនបន្តទៅទៀត។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា រហូតមកដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ប្តីគាត់បានភ្ញាក់ពីដំណេក រួចប្រាប់គាត់ថា ចេញទៅលើកទ្រូដាក់នៅវាលស្រែមួយភ្លែត ចំណែកគាត់ក៏មិនចាប់អារម្មណ៍ដែរ រួចក៏បន្តដេកលង់លក់ទៀតទៅ។ លុះដល់ព្រឹកឡើង នៅមិនទាន់ឃើញប្តីត្រឡប់មកវិញទៀត គាត់ក៏មិនទាន់ចាប់អារម្មណ៍ដែរនឹកស្មានថាប្តីដើរចេញទៅផឹកទៀតហើយ ដឹងអីដល់រសៀលទៅហើយ នៅមិនទាន់ឃើញត្រឡប់មកផ្ទះទៀត ទើបគាត់បានដើរតាមរក ស្រាប់តែប្រទះឃើញប្តីចងកសម្លាប់ខ្លួននៅជង្រុកស្រូវបាត់ទៅហើយ៕