Monday, July 28, 2025
Homeព័ត៌មានជាតិបិទហើយបើកវិញទៀត! សិប្បកម្មស្ករត្នោតគីមីច្បារអំពៅ ស្ងាត់ៗដំណើរការវិញ

បិទហើយបើកវិញទៀត! សិប្បកម្មស្ករត្នោតគីមីច្បារអំពៅ ស្ងាត់ៗដំណើរការវិញ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ បានបង្ហើបប្រាប់ថា សិប្បកម្មផលិតស្ករត្នោតផ្ទុកសារធាតុគីមីមួយកន្លែង ដែលត្រូវអាជ្ញាធរ និងមន្ត្រីជំនាញចុះបង្ក្រាបយ៉ាងគគ្រឹកគគ្រេងកាលពីពេលកន្លងទៅ ស្រាប់ស្ងាត់ៗ ភ្លេចត្រចៀកសិប្បកម្មមួយនេះ ក៏ចាប់ដំណើរការឡើងវិញយ៉ាងរំភើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ហាក់អស់ជំនឿលើអាជ្ញាធរ ដែលមានវិធានការដូចភ្លើងចំបើង ដោយបិទអាជីវកម្មដូចអំពិលអំពែក រួចហើយក៏បើកវិញ ខណៈដែលមានការអះអាងថា បានបញ្ជូនសំណុំរឿងទៅតុលាការចាត់ការបន្តតាមនីតិវិធីហើយ ប៉ុន្តែចុងក្រោយចំណាត់ការមានតែនៅលើក្រដាសប៉ុណ្ណោះ មិនមានការអនុវត្តសោះ។

មជ្ឈដ្ឋានជាច្រើនដឹងយ៉ាងច្បាស់ថា ស្ករត្នោតផ្ទុកសារធាតុគីមីនេះ គឺបានបង្កផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត ទើបអាជ្ញាធរខិតខំចុះបង្ក្រាប តែក្រោយមក ហាក់ព្រលែងដៃវិញ ធ្វើឱ្យអាជីវកម្មខុសច្បាប់មួយនេះ ដំណើរការឡើងវិញយ៉ាងងាយស្រួល។

គេនៅចាំបានថា ទីតាំងដ៏ធំលួចលាក់ផលិតស្ករត្នោតផ្ទុកសារធាតុគីមីនៅស្រុកបាទី ខេត្តតាកែវ ដែលបានចែកចាយបន្តស្ទើរទូទាំងប្រទេស។ ហើយបញ្ហានេះត្រូវបាន លោកចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានបញ្ជាឱ្យបិទទីតាំងនេះចោលហើយ។ ប៉ុន្តែមហាជនមានចម្ងល់ថា បើទីតាំងដ៏ធំនៅស្រុកបាទី ខេត្តតាកែវ បិទហើយ ចុះស្ករត្នោតផ្ទុកសារធាតុគីមី ដែលចែកចាយនៅកន្លែងផ្សេងទៀត បានមកពីណាវិញ? យ៉ាងណាក្តីប្រជាពលរដ្ឋ បានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ស៊ើបអង្កេតករណីនេះផង ដើម្បីសុខភាពប្រជាពលរដ្ឋដែល ទទួលទានស្ករត្នោតមានសារធាតុគីមី ច្រឡំថា ជាស្ករត្នោតធម្មជាតិ។

គួរបញ្ជាក់ថា សិប្បកម្មផលិតស្ករត្នោតមួយកន្លែងនៅខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចរកឃើញថា មានផ្ទុកសារធាតុគីមីក្នុងស្ករជិត៤០តោន។ ការរកឃើញរោងសិប្បកម្មផលិតស្ករត្នោតដែលមានផ្ទុកសារធាតុគីមីនេះ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោមបទបញ្ជារបស់លោកចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឆ្មក់ចូលឆែកឆេរសិប្បកម្មកែច្នៃស្ករត្នោតខាងលើនេះ។

ប្រតិបត្តិការឆែកឆេរ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ស្ថិតនៅផ្ទះលេខ២១៣ និង២១៩ ផ្លូវ៣៦៩ ភូមិម៉ាក់គ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ដោយមានកម្លាំងចម្រុះមកពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ មន្ត្រីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីមកពីក្រសួងសុខាភិបាល ជាដើម។

លោកគង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួត លើកឡើងថា ការចុះប្រតិបត្តិការឆែកឆេរនូវសិប្បកម្មកែច្នៃស្ករ ត្នោតនេះធ្វើឡើង ដោយសង្ស័យថា សិប្បកម្មនេះបានធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត និងលួចលាយនូវសារធាតុគីមី ។

តាមរបាយការណ៍របស់ក្រុមប្រតិបត្តិការបង្ក្រាបនេះ វត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងបានសម្រេចឱ្យបិទឃ្លុំបេរក្សាដាក់ ទុកក្នុងអសយដ្ឋានខាងលើ និងសម្រេចមិនឱ្យបើកធ្វើអាជីវកម្មបន្ត ហើយបានអញ្ជើញម្ចាស់ទីតាំងឈ្មោះឆែ គីម ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី។ ប៉ុន្តែជាក់ស្តែង ម្ចាស់ទីតាំងរូបនេះ ពុំត្រូវបានឃាត់ខ្លួនឡើយ គ្រាន់តែបញ្ជូនសំណុំរឿងទៅតុលាការ តែប៉ុណ្ណោះ៕

RELATED ARTICLES