ខេត្តតាកែវ ៖ ប្រជាពលរដ្ឋម្នាក់ បានកាប់ឆ្ការព្រៃនៅខាងក្រោយផ្ទះរបស់ខ្លួនបំណងរៀបចំដី ដើម្បីដាំដំណាំ ស្រាប់តែប្រទះឃើញរូបសំណាកវត្ថុបូរាណ១អង្គ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅគោរពបូជា បន់ស្រន់សុំសេចក្តីសុខ។
ប្រជាពលរដ្ឋដែលប្រទះឃើញ រូបសំណាកវត្ថុបូរាណខាងលើ មានឈ្មោះង៉ែត អូន មានលំនៅក្នុងភូមិអូពោធិ ឃុំសំបួរ ស្រុកទ្រាំង។
តាមសម្តីបុរសឈ្មោះង៉ែត អូន បានរៀបរាប់ប្រាប់ថា គាត់បានប្រទះឃើញរូបសំណាកខាងលើ លេចរូបរាងឡើងនៅក្នុងព្រៃនៅក្រោយផ្ទះរបស់គាត់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ខណៈដែលគាត់ បានឆ្ការព្រៃក្រោយផ្ទះ ដើម្បីដាំដំណាំ ស្រាប់តែប្រទះឃើញរូបសំណាកថ្ម មួយកប់នៅក្នុងដី ទើបគាត់បានគាស់យកមកប្រគល់ឱ្យនគរបាលប៉ុស្តិ៍សំបួរថែរក្សាទុក។
លោកង៉ែត អូន បានបន្តថា ក្រោយពីមានការលេចឮដឹងពីអ្នកភូមិអំពីរូបសំណាកវត្ថុបូរាណនេះ ស្រាប់តែបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាស្នើឱ្យអាជ្ញាធរយករូបសំណាកនេះមកធ្វើបុណ្យនៅកន្លែងដែលគាស់កាយឃើញ ដើម្បីសុំសេចក្តីសុខនិងភាពសម្បូរសប្បាយដល់អ្នកភូមិ។
លោកឈួន ផាន់នី អភិបាលស្រុកទ្រាំង បានថ្លែងបញ្ជាក់ថា ពិតជាមានប្រជាពលរដ្ឋប្រទះឃើញរូបសំណាកនេះ និងបានយកមកទុកនៅ នគរបាលប៉ុស្តិ៍ ហើយបងប្អូនប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរយករូបសំណាកនេះមកធ្វើពីបុណ្យតាមប្រពៃណីសាសនាដើម្បីបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើន នៅកន្លែងដែលប្រទះឃើញនេះមែន ហើយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីនៃមន្ទីរវប្បធម៌ នឹងមកទទួលយករូបសំណាកនេះទៅតម្កល់ទុកនៅសារមន្ទីរខេត្តតាកែវ។
ដោយឡែកលោកស្រី ព្រំ សុគន្ធារី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ បានថ្លែងថា រូបសំណាកនេះគឺជារូបសំណាក ព្រះវិស្ណុ ហើយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីមន្ទីរវប្បធម៌នឹងទៅយករូបសំណាកនេះមកថែរក្សាទុកនៅសារមន្ទីររបស់ខេត្ត ដោយឡែកខាងមន្ទីរ ក៏មានថវិកាមួយចំនួនដើម្បីលើកទឹកចិត្តសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញហើយយកមកប្រគល់ជូនអាជ្ញាធរផងដែរ៕