សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអាមេរិក និងអែលសាល់វ៉ាឌ័រ លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានសម្រេចកោះហៅខ្សែការពារវ័យក្មេង Eder Militao ដែលកំពុងលេងឱ្យក្លឹបបាល់ Porto ចូលសមរភូមិប្រយុទ្ធ ។
នេះបើយោងតាមប្រភពព័ត៌មានពីសហព័ន្ធបាល់ទាត់ប្រេស៊ីល ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៨។
កីឡាករវ័យ២០ឆ្នាំរូបនេះ នឹងចូលមកជំនួសតំណែងខ្សែការពារ Fagner របស់ក្លឹប Corinthians ដែលកំពុងមានរបួសសរសៃពួរ។
Fagner បានក្លាយជាកីឡាករទី៣ ដែលត្រូវបានលោក Tite លុបឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិ បន្ទាប់ពីកីឡាករ Pedro និង Renato Augusto។
លោក Tite បានដាក់ឈ្មោះកីឡាករខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Everton ជំនួសតំណែង Pedro។
ក្រុមជម្រើសជាតិប្រេស៊ីល ជួបជាមួយអាមេរិក នៅថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨ និងជួបជាមួយក្រុមអែលសាល់វ៉ាឌ័រ នៅថ្ងៃពុធ ទី១២៕