Friday, November 7, 2025
Homeព័ត៌មានជាតិឃាត់ណាស់ដែរ តែគាត់មិនព្រមនៅតែទៅ ចុងក្រោយឃើញតែទូកប៉ុណ្ណោះ

ឃាត់ណាស់ដែរ តែគាត់មិនព្រមនៅតែទៅ ចុងក្រោយឃើញតែទូកប៉ុណ្ណោះ

ខេត្តកំពង់ចាម ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏អុំទូកទៅលើកមង បន្ទាប់មកក៏ចុះងូតទឹកតែម្នាក់ឯង ស្រាប់តែអកុសល ចំកន្លែងអន្លង់ទឹកជ្រៅ ហែលមិនរួច បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបឹងកងចក្រ ស្ថិតក្នុងភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះសេង សាន អាយុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងដើរផឹកស្រវឹងជាប់ជាប្រចាំ។ លុះមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីផឹកស្រាស្រវឹង ក៏បានអុំទូកតែម្នាក់ឯង សំដៅទៅបឹងកងចក្រ ទីតាំងកើតហេតុខាងលើ បំណងទៅលើកមង ហើយពេលនោះ ក្រុមគ្រួសារក៏បានឃាត់ដែរថា កំពុងស្រវឹងបែបនេះកុំទាន់ទៅអី ចាំស្វាងបន្តិចសិនទៅ ប៉ុន្តែជនរងគ្រោះមិនព្រម ស្តាប់នៅតែមានះអុំទូកចេញទៅតែម្នាក់ឯងទាល់តែបាន។

ប្រភពដដែលបន្តថា លុះទៅដល់កន្លែងដាក់មង ជនរងគ្រោះក៏បានលើកមងយកត្រីរួចរាល់ ក៏ឆ្លៀតចុះពីលើទូកងូតទឹកសិន ស្រាប់តែអកុសល ប៉ះចំកន្លែងដែលមានអន្លង់ទឹកជ្រៅ ទើបបណ្តាលឱ្យហែលមិនរួច លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ចំណែកក្រុមគ្រួសារ ដោយសារតែបាត់ជនរងគ្រោះយូរពេក មិនឃើញត្រឡប់មកផ្ទះ ទើបនឹកសង្ស័យក៏នាំគ្នាចេញទៅតាមរក លុះដល់កន្លែងកើតហេតុ ប្រទះឃើញតែទូក ប៉ុន្តែបាត់មនុស្សមិនដឹងទៅណា ទើបនាំគ្នាចុះរាវរកក្នុងទឹក ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះលិចក្នុងទឹក ក៏ស្រង់ឡើងមកលើទូក រួចដឹកត្រឡប់មកផ្ទះវិញ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះមកដល់ និងបានបង្កើតគណៈកម្មការពិនិត្យសព ឃើញថា ផ្នែកក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមអ្វីឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES