ខេត្តកំពង់ចាម ៖ យុវជន២នាក់ ឱ្យតែមានពេលទំនេរ តែងបបួលគ្នាទៅលោតទឹកលេងពីលើស្ពានដែក លុះអកុសល បន្ទាប់ពីលោតចុះទៅក្នុងទឹក ស្រាប់តែយុវជនម្នាក់បាត់ខ្លួន មិនឃើញងើបឡើងវិញសោះ ធ្វើឱ្យមិត្តភក្តិភ័យឆោឡោ រត់ទៅប្តឹងប៉ូលិលឱ្យជួយ ផ្អើលដល់ប្រជាពលរដ្ឋ ជួយចុះរាវរក រហូតប្រទះឃើញសាកសពជនរងគ្រោះ នៅចម្ងាយប្រមាណជាង៥០ម៉ែត្រ ពីស្ពានដែក។

ករណីយុវជនលោតទឹកពីលើស្ពានលេង ស្រាប់តែលិចចូលទឹកស្លាប់យ៉ាងអាណោចអាធ័មនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្ពានដែក ស្ថិតក្នុងភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម។
យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះយ៉ាង គង់អ៊ី អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម។

តាមសម្តីយុវជនឈ្មោះផេង បូរី អាយុ២៣ឆ្នាំ រស់នៅភូមិដំបងដែក ឃុំកោះរការ ស្រុកកំពង់សៀម ត្រូវជាមិត្តភក្តិរបស់យុវជនរងគ្រោះខាងលើ បានរៀបរាប់ទាំងអារម្មណ៍តក់ស្លុតមិនទាន់បាត់នៅឡើយថា រវាងរូបគេ និងជនរងគ្រោះ គឺជាមិត្តភក្តិនឹងគ្នា ហើយកន្លងមក នៅពេលទំនេរពួកគេទាំង២នាក់ តែងបបួលគ្នាមកលោតទឹកលេងពីលើស្ពានដែកខាងលើ និងមិនដែលមានបញ្ហា ឬគ្រោះថ្នាក់អ្វីឡើយ។
យុវជនផេង បូរី បន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងជិត៣រសៀល ពួកគេទាំង២នាក់ បាននាំគ្នាមកលោតទឹកនៅលើស្ពានដែកខាងលើជាថ្មីម្តងទៀត ស្រាប់តែមិនដឹងជាយ៉ាងម៉េច ជនរងគ្រោះបានលោតចុះពីលើស្ពានចូលទៅក្នុងទឹករួចក៏លិចបាត់ខ្លួន មិនឃើញងើបឡើងវិញសោះ ជាហេតុធ្វើឱ្យរូបនេះភ័យស្លន់ស្លោ ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍កោះទន្ទឹម រួមនឹងប្រជាពលរដ្ឋ បានចុះធ្វើការរុករកយុវជនរងគ្រោះ លុះមួយសន្ទុះធំក្រោយមក ទើបរកឃើញសាកសពជនរងគ្រោះ ស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រ ពីកន្លែងដែលជនរងគ្រោះលោតចុះពីលើស្ពានដែក បន្ទាប់មកក៏ស្រង់ឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ។

បន្ទាប់ពីពិនិត្យឃើញថា យុវជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែននោះ សមត្ថកិច្ចក៏បានប្រគល់សាកសទៅឱ្យគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕