ខេត្តព្រះសីហនុ ៖ ជនជាតិចិន៤នាក់ ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ដោយសារតែរឿងជំពាក់លុយ ហេតុការណ៍នេះកើតឡើងនៅជាន់ទី៤ សណ្ឋាគារនិងកាស៊ីណូខ្សាច់មាសក្នុង បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

តាមមន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា វេលាម៉ោង១៥និង២០នាទី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានថា នៅកាស៊ីណូខ្សាច់មាស មានករណីបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម។ ពេលទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍សង្កាត់៤ ចុះប្រតិបត្តិការបង្ក្រាប។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិចិន ចំនួន០២នាក់ (ស្រីម្នាក់ ប្រុសម្នាក់) ទី១-ឈ្មោះ CHEN TI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៦៦៨០៨៤២ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ រងរបួសបែកមាត់ និងស្នាមដាច់រលាត់ខ្នង ទី២-ឈ្មោះ DAI YANYING ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៦៦៨៩៣៨២ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន០៤នាក់ផងដែរ ទី១-ឈ្មោះ WU TAOTAO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៤៧១១០៧៨៣ , ទី២-ឈ្មោះ WU XIONGBO ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E១៨៤៨៥៥៨៨, ទី៣-ឈ្មោះ WU XUXIANG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៨៩៦៨៤៣២៧ និងទី៤- ឈ្មោះ REN JIHU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៤៥៣៧០៣៤៨។ ជនសង្ស័យទាំង៤ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការណ៍ខាងលើ សមត្ថកិច្ចបានដកវត្ថុតាង ដូចជា ពិលឆក់ចំនួន០២,រថយន្ត០១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌ស ស្លាកលេខភ្នំពេញ 2AL-5010។

ចំពោះមូលហេតុនៃការបង្ខាំងមនុស្សនេះ ដោយសារជនរងគ្រោះទាំង២នាក់បានខ្ចីលុយចំនួន១០០,០០០យាន់ ( ដប់ម៉ឺនយាន់ ) ពីក្រុមជនសង្ស័យ ដើម្បីឲ្យមិត្តភក្តិយកទៅលេងល្បែងនៅកាស៊ីណូឆាងយូ។ ក្រោយពេលមិត្តភក្តិចាញ់ល្បែងអស់គ្មានប្រាក់សង ជនរងគ្រោះក៏មិនមានលុយសងក្រុមជនសង្ស័យផងដែរ ពេលនោះក្រុមជនសង្ស័យបានចាប់ជនរងគ្រោះទាំង២នាក់ ឃុំឃាំងក្នុងបន្ទប់ ហើយធ្វើទារុណកម្ម វាយធ្វើបាប ប្រើពិលឆក់ បង្ខំឲ្យជនរងគ្រោះសសេរលិខិតជំពាក់ប្រាក់។

បច្ចុប្បន្ន ជនសង្ស័យទាមង៤នាក់ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕