នៅអំឡុងឆ្នាំ២០០៥ដល់២០០៨ Robinho គឺជាតារាបាល់ទាត់មួយរូបដ៏លេចធ្លោនៅ Real Madrid ពិសេសគឺបច្ចេកទេសបណ្តើរបាល់ និងស៊ុតច្បាស់ៗរបស់គេមិនចាញ់ Ronaldinho។
៣រដូវកាល នៅទឹកដីអេស្ប៉ាញ កីឡាកររូបនេះ បានឈានដល់ទីបញ្ចប់ ហើយត្រូវចាកចេញទៅលេងនៅ Man City គួរឱ្យភ្ញាក់ផ្អើលក្នុងឆ្នាំ២០០៨។ តាមពិតទៅ Robinho គឺរំពឹងថា នឹងបានទៅចូលរួមជាមួយលោក Scolari ជនជាតិប្រេស៊ីល ដែលកំពុងដឹកនាំ Chelsea ឯណោះទេ តែមានបញ្ហាមួយចំនួនបានកើតឡើង រារាំងដល់ការផ្ទេរ។
Robinho បង្ហើបថា Real Madrid បានប្តូរចិត្តលក់ខ្លួនឱ្យទៅ Man City បន្ទាប់ពីខឹង Chelsea ដែលបោះអាវមានឈ្មោះ និងលេខរបស់គេលក់ បើទោះជាការចរចាមិនទាន់សម្រេច១០០ភាគរយក៏ដោយ។
ទោះជាយ៉ាងណាក្តី កីឡាករវ័យ៣៤ឆ្នាំរូបនេះ មិនបានស្តាយក្រោយឡើយ ដែលទៅលេងនៅ Man City រយៈពេលជិត២រដូវកាល។
ខ្ញុំបានលេងនៅក្លឹបដ៏អស្ចារ្យ ហើយពួកគេបានស្វាគមន៍ខ្ញុំយ៉ាងល្អបំផុត។ ខ្ញុំមានពេលវេលា១ឆ្នាំកន្លះ ដ៏រីករាយនៅទីក្រុង Manchester៕