ភ្នំពេញ ៖ ម៉ូតូកង់បី១គ្រឿង បានបើកឆ្លងកាត់ផ្លូវរថភ្លើង ដែលគ្មានដាក់បារ៉ាស់ហាមឃាត់ ឬសញ្ញាផ្តល់ដំណឹងអ្វីទាំងអស់ លុះបើកឆ្លងដល់ពាក់កណ្តាលផ្លូវដែក ស្រាប់តែត្រូវរថភ្លើងដឹក អ្នកដំណើរ១ខ្សែ ជ្រុលមកបុកចំពាក់កណ្តាល យ៉ាងពេញទំហឹង និងបានអូសទៅមុខប្រមាណ ជាង២០ម៉ែត្រ បណ្តាលឱ្យបុរសជាភ្ញៀវម្នាក់ជិះ ក្នុងម៉ូតូកង់បីរងរបួសធ្ងន់ បាក់ជើងម្ខាង និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លើង និងម៉ូតូកង់បីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៨ ត្រង់ចំណុចច្រកចូលវត្តនាគវ័ន្ត តាមបណ្តោយ១៣២ កែងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរម៉ូតូកង់បី១គ្រឿង ម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 1M-4107 ដឹកបុរសជាភ្ញៀវចំនួន៤នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ១៣២ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវរថភ្លើង ខណៈពេលនោះស្រាប់តែមានរថភ្លើ ដឹកអ្នកដំណើររបស់ស្ថានីយ៍រថភ្លើងភ្នំពេញ មួយខ្សែ បើកចេញពីអាកាសយន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ឆ្ពោះចូលទៅស្ថានីយ៍រថភ្លើងភ្នំពេញ វិញ ក្នុងទិសដៅពីលិចទៅកើត ក៏ជ្រុលទៅបុក ម៉ូតូកង់បីខាងលើចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បីកៀបជាប់រថភ្លើងអូសជិត ២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ និងបណ្តាលឱ្យ បុរសជាភ្ញៀវម្នាក់ រងរបួសបាក់ជើងខាងស្តាំ ត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅឯមន្ទីរ- ពេទ្យភ្លាមៗ។

តាមសម្តីបុរសជាអ្នកបើកបរម៉ូតូកង់បី ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ គាត់បានដឹកភ្ញៀវទាំង៤នាក់ខាងលើ ចេញមកពីម្តុំវត្តនាគវ័ន្ត គោលដៅទៅម្តុំឃ្លាំងរំសេវ។ លុះមកដល់ចំណុចកើត ដោយមិនឃើញ មានបិទបារ៉ាស់ជាសញ្ញាប្រាប់ថា មានរថភ្លើង បើកឆ្លងកាត់ និងពុំមានលឺសម្លេងស៊ីផ្លេរបស់ រថភ្លើង គួបផ្សំទាំងស្ថានភាពនៅកន្លែងកើតហេតុ នោះ មានផ្ទះបាំងមិនអាចមើលឃើញរថភ្លើង ដែលបើកឆ្លងកាត់ថែមទៀតផង ទើបគាត់បាន បើកម៉ូតូកង់បីឆ្លងកាត់ផ្លូវរថភ្លើង ស្រប់តែត្រូវ រថភ្លើងបើកមកបុកតែម្តង។

ក្រោយកើតហេតុ រថភ្លើងខាងលើបាន បើកបន្តដំណើរចូលទៅក្នុងស្ថានីយ៍រថភ្លើងភ្នំពេញ បាត់ទៅ។ ដោយឡែក ម៉ូតូកង់បីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចុះមកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំ ធ្វើដោះស្រាយនៅពេលក្រោយ៕