ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបលោកអធិការរងខណ្ឌមានជ័យមួយរូប បានសម្រេច ដោយទាំងកាំភ្លើងខ្លីមួយដើមនៅក្នុងនោះផង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់បាន កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ទិតហួរ តាមបណ្តោយផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យជាចោរឆក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ន សំនៀង អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆក់កាបូបដៃពណ៌ខ្មៅ បានសម្រេច នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។ ចំណែកជនរងគ្រោះមានឈ្មោះម៉េង វិមានតារា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានតួនាទីជាអធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើម ម៉ាក GLOCK19 ពណ៌ខ្មៅ លេខ AAMY860 ផលិតនៅប្រទេសអាមេរិក និងបង់អាវុធខ្លីចំនួនមួយ មានគ្រាប់ចំនួន៤ ជារបស់ជនរងគ្រោះឈ្មោះម៉េង វិមានតារា ហើយសមត្ថកិច្ចបានឃាត់យកមកស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
សូមបញ្ជាក់ថា សម្ភារៈរបស់លោកអធិការរងខណ្ឌមានជ័យ ដែលបាត់បង់នោះ រួមមាន អាវុធខ្លីម៉ាក GLOCK19 ពណ៌ខ្មៅ លេខ AAMY860 ផលិតនៅប្រទេសអាមេរិក១ដើម បង់អាវុធខ្លីចំនួន១ គ្រាប់ចំនួន១៥គ្រាប់ ទូរសព្ទ័ដៃម៉ាក Samsung Galaxy S9 ពណ៌ខ្មៅ ១គ្រឿង ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខភ្នំពេញ 2AC-8798 ប័ណ្ណបើកបរចំនួន១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១ កាត ATM ចំនួន៤សន្លឹក ប្រាក់រៀលចំនួន៤លានរៀល និងប្រាក់ដុល្លារ២០ដុល្លារអាមេរិក។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី។
គួររំលឹកថា ធ្លាប់តែឮចោរឆក់បងប្អូនប្រជាពលរដ្ឋ ឫអ្នកធ្វើដំណើរតាមដងផ្លូវ ស្រាប់តែឥឡូវនេះ លោកចោរថ្លើមធំមែន សូម្បីតែអធិការរងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ក៏លោកចោរហ៊ានឆក់កាបូប ដោយទៅទាំងកាំភ្លើងខ្លីយកទៅបាត់ដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកម៉េង វិមានដារា អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ ត្រូវបានចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូបរបស់លោកបានសម្រេច ខណៈដែលលោកកំពុងជិះម៉ូតូតាមផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ បន្ទាប់មកក្រុមជនសង្ស័យក៏បាននាំគ្នាគេចខ្លួនបាត់អស់ដោយសុវត្ថិភាព ចំណែកនៅក្នុងកាបូបរបស់លោកអធិការរង មានកាំភ្លើងខ្លី១ដើម រួមនឹងសម្ភារៈមានតម្លៃមួយចំនួនទៀត៕