មណ្ឌលគិរី ៖ សត្វទន្សោងញីមួយក្បាល ត្រូវបានក្រុមការងារល្បាតព្រៃរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF- Cambodia) ប្រទះឃើញដេកងាប់ បន្ទាប់ពីគេបាញ់សម្លាប់ក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងហ្វេសប៊ុក WWF- Cambodia បានបង្ហោះសារថា “នេះជាបាត់បង់ដ៏ក្រៀមក្រំបំផុត! កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារល្បាតព្រៃរបស់យើង បានប្រទះឃើញសត្វទន្សោងញីមួយក្បាល ត្រូវបានគេបាញ់សម្លាប់ក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរី។ នេះជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតដល់រតនសម្បត្តិជាតិមានជីវិត និងជាការបាត់បង់ដ៏ធំធេងសម្រាប់យើងទាំងអស់គ្នា ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ”។
អង្គការ WWF- Cambodia បានបន្តថា “សត្វទន្សោង ជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់ជិតផុតពូជ និងទទួលរងការគម្រាមកំហែងពីការបរបាញ់ និងការបាត់បង់ជម្រក”។
ជាចុងក្រោយ អង្គការមួយនេះ បានធ្វើការថ្កោលទោសចំពោះការបំផ្លាញសម្បត្តិជាតិដ៏មានតម្លៃនេះ និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការសម្លាប់សត្វព្រៃ និងបំផ្លាញធនធានធម្មជាតិ។ រួចត្រូវរួមគ្នាការពារសត្វព្រៃ និងធនធានធម្មជាតិ។ រួមគ្នាការពារសត្វព្រៃ ដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ឈើប្រណិត៕