Friday, July 4, 2025
Homeព័ត៌មានជាតិព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមម្តងទៀត នៅថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង៥និង៥០នាទីដល់ម៉ោង៧ព្រឹក

ព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមម្តងទៀត នៅថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង៥និង៥០នាទីដល់ម៉ោង៧ព្រឹក

បើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា “រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨មកដល់ទៀតហើយ!” ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

អាជ្ញាធរជាតិអប្សរា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ”។

អាជ្ញាធរជាតិអប្សរា បានបន្តទៀតថា “ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក”។

ជាចុងក្រោយ អាជ្ញាធរជាតិអប្សរា សង្ឃឹមថា អាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ៕

RELATED ARTICLES