ភ្នំពេញ ៖ ស្ត្រីមានសតិមិនប្រក្រតីម្នាក់ បានដើរចេញបាត់ពីផ្ទះអស់រយៈពេល២ថ្ងៃ មិនដឹងទៅដល់ណា ជាហេតុធ្វើឱ្យស្ត្រីវ័យចំណាស់ជាម្តាយភ័យឆោឡោ តាមរកសព្វកន្លែងនៅតែមិនឃើញ ទើបសម្រេចកាន់រូបថតកូនស្រី មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកកូនស្រីត្រឡប់មកផ្ទះវិញ។
ស្ត្រីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះយឹម សុគន្ធ អាយុ៣៤ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ស្នាក់នៅផ្ទះជួលម្តុំបុរី ណៃ សុវណ្ណ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ ស្ត្រីខាងលើបានបាត់ខ្លួនចេញពីផ្ទះ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
ម្តាយបង្កើតរបស់ យឹម សុគន្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញមនុស្សស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកពួកគាត់ជាក្រុមគ្រួសារ ឬរាយការណ៍ប្រាប់សមត្ថកិច្ចផងចុះ៕