Sunday, July 6, 2025
Homeព័ត៌មានជាតិខាតហើយលើកនេះ នាំគ្នារត់បាតជើងសព្រាត

ខាតហើយលើកនេះ នាំគ្នារត់បាតជើងសព្រាត

ភ្នំពេញ ៖ បុរសម្នាក់កំពុងឈប់ម៉ូតូទិញភេសជ្ជៈ ក៏ត្រូវជនសង្ស័យ៣នាក់ (ម្នាក់ជិះម៉ូតូ ២នាក់ដើរ) បានព្រួតគ្នាវាយធាក់ទម្លាក់ពីលើម៉ូតូ រួចព្យាយាមប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារត្រូវប្រជាពលរដ្ឋប្រទះឃើញ ស្រែកឆោឡោ ធ្វើឱ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួនចោលម៉ូតូ១គ្រឿង នៅនឹងកន្លែងកើតហេតុ។

ករណីប្លន់ម៉ូតូមិនសម្រេច បែរជារត់ចោលម៉ូតូខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៧០ ចំណុចកែងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1M-7604 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បុរសរងគ្រោះក៏បានឈប់ម៉ូតូទិញភេសជ្ជៈហូប ស្រាប់តែភ្លាមនោះ ក៏លេចមុខជនសង្ស័យមួយក្រុម មានគ្នា៣នាក់ ក្នុងនោះម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកមីអូរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-7802 ចំណែកបក្ខពួក២នាក់ទៀត ដើរអមពីក្រោយ រួចក៏ព្រួតគ្នាធ្វើសកម្មភាព វាយនិងធាក់ ជនរងគ្រោះបម្រុងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារតែប្រជាពលរដ្ឋស្រែកឆោឡោរទាន់ ទើបធ្វើឱ្យក្រុមជនសង្ស័យភ័យរត់ទៅបាត់អស់ ដោយបន្សល់ទុកម៉ូតូពួកគេម៉ាកមីអូ មួយគ្រឿង។ ចំណែកម៉ូតូរងគ្រោះក៏មិនបានយកទៅដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងនាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងដើម្បីតាមស្វែងរកក្រុមជនសង្ស័យ។ ចំនែកម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចអូសយកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីស្រាវជ្រាវវែកមុខរកក្រុមជនសង្ស័យ នាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES