បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ដែលមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកងកម្លាំងប៉េអឹមឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១៥និង៥២នាទី នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ការធ្វើប្រតិបត្តិការបង្ក្រាបនេះ ដោយយោងតាមសំណើលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ដឹកនាំសហការ និងសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ស្នើសុំកិច្ចសហការរវាងកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ។

ជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ឃីម ចំរើនកូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទី២. ឈ្មោះ ជួប ដាវីន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងទី៣. ឈ្មោះ ចាន់ ម៉ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា នៅកងពល៤១ រស់នៅនៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ក្នុងប្រតិបត្តិការបង្កា្របនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង មានដូចជា៖
-អាវុធខ្លី ចំនួន០១ដើម ម៉ាក CPZ-10C លេខ C423986 ពណ៌ខ្មៅ បិតស្កុតពណ៌ត្រេអ៊ី មានបង់ចំនួន០១ និងគ្រាប់ចំនួន១៥គ្រាប់។
-អាវុធខ្លី ចំនួន០១ដើម ម៉ាក BERETTA លេខ PZ27666 ពណ៌ខ្មៅ មានបង់ចំនួន០១ និងគ្រាប់ចំនួន១២គ្រាប់
-រថយន្តចំនួន០១គ្រឿង ម៉ាក MAZDA ស៊េរីឆ្នាំ២០១៨ ពណ៌ស បិតស្កុតពណ៌ខ្មៅ គ្មានស្លាកលេខ
-ទូរស័ព្ទចំនួន០៦គ្រឿង (ម៉ាកiPhone 6S ពណ៌ស, iPhone7 ពណ៌ខ្មៅ, Huawei ពណ៌ទឹកមាស, iPhoneX ពណ៌ខ្មៅ, iPhone 7Plus ពណ៌ខ្មៅ, VIVO ពណ៌ខ្មៅ)
-កាំបិតស្នៀត ចំនួន០១ដើម
-នាឡិកាដៃ ចំនួន០៣គ្រឿង
-ប្រាក់ខ្មែរ ចំនួន២០០០០០រៀល
-ប្រាក់ដុល្លារ ចំនួន១៨៨៤ដុល្លារអាមេរិក
-ចិញ្ចៀនលោហធាតុ ពណ៌លឿង ដាំត្បូងពណ៌ស ចំនួន០២វង់
-ក្រវិលលោហធាតុពណ៌ប្រាក់ ដាំត្បូងពណ៌ស ចំនួន០១គូ
-ខ្សែកលោហធាតុ ពណ៌ប្រាក់ ចំនួន០១ខ្សែ
-ខ្សែដៃអង្កាំពណ៌ស ចំនួន០១ខ្សែ
-ខ្សែដៃពណ៌បៃតង ចំនួន០១ខ្សែ
-ខ្សែចង្កេះលោហធាតុ ពណ៌លឿង ប្រវែង៨៤ស.ម និងកថាពណ៌លឿង ចំនួន២៤
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០៣សន្លឹក
-លិខិតឆ្លងដែន ចំនួន០២ក្បាល (ជារបស់ឈ្មោះ ជួប ដាវីន, និងប៊ុន អ៊ីឈុន)
-ប័ណ្ណបើកបររថយន្ត ចំនួន០១សន្លឹក
-សៀវភៅធនាគារ ABA ចំនួន០១ក្បាល
-ប័ណ្ណពិនិត្យសុខភាព ចំនួន០៤សន្លឹក
-ប័ណ្ណទីផ្សារភាគហ៊ុន MASTERCARD ចំនួន០១សន្លឹក
-កាតធនាគារ អេស៊ីលីដា ចំនួន ០១សន្លឹក
-កាតធនាគារ ABA ចំនួន០១សន្លឹក
-ប័ណ្ណទិញអីវ៉ាន់ផ្សារ AEON ចំនួន០១សន្លឹក
-កូនសោរ ចំនួន០៩
-កាបូបលុយ ចំនួន០៤
-សាក់កាដូស្ពាយ ចំនួន០១ ពណ៌ត្នោត
-កាសទូរស័ព្ទ ចំនួន០១ខ្សែ

ក្រោយពីចាប់ខ្លួនជនសង្ស័យទាំង៣នេះ សមត្ថកិច្ចកំពុងរៀបចំបែបបទលិខិតស្នាមប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
