ខេត្តកោះកុង ៖ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ ឈ្មោះកែវ អេម អាយុ៥៤ឆ្នាំ ជាស្ត្រីមេម៉ាយ ស្នាក់នៅជាមួយប្អូនស្រីមេម៉ាយដូចគ្នា បានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ព្រោះកន្លងធ្លាប់ទៅរកគ្រូពេទ្យ គ្រូខ្មែរ ព្យាបាលដែរ តែមិនឃើញធូរស្រាលសោះ ក៏តូចចិត្តនឹងកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ណាមួយមិនចង់នាំការលំបាកដល់ប្អូនស្រី មើលថែព្យាបាលអស់ប្រាក់ច្រើនផងនោះ ក៏ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ ដោយសារចងក សម្លាប់ខ្លួនប្រាកដមែន។ មូលហេតុដោយសារតែតូចចិត្តនឹងជំងឺរ៉ាំរ៉ៃព្យាបាលមិនជា។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕