Wednesday, November 5, 2025
Homeព័ត៌មានជាតិព័ត៌មានលម្អិត ៖ ប្រពន្ធរត់ចោល ប្តីរត់ចូលឡានកិនខ្ទេចក្បាល

ព័ត៌មានលម្អិត ៖ ប្រពន្ធរត់ចោល ប្តីរត់ចូលឡានកិនខ្ទេចក្បាល

ខេត្តព្រៃវែង ៖ បុរសម្នាក់ដែលទើបនឹងត្រូវប្រពន្ធរត់ចោលថ្មីៗ ត្រូវគេសង្ស័យថា តូចចិត្តគិតខ្លី រត់ចូលឡានដែលកំពុងបើកតាមដងផ្លូវ បណ្តាលឱ្យកិនខ្ទេចក្បាលស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខហាងសាច់អាំង យីហោ “ម៉ែក្មេក ហេង ហេង BBQ សាច់អាំង និងស៊ុប” មានទីតាំងស្ថិតក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។

បុរសរងគ្រោះដែលគិតខ្លីរត់ចូលឡានសម្លាប់ខ្លួននេះ មានឈ្មោះឆាយ ផានិត អាយុ៣០ឆ្នាំ ត្រូវជាកូនប្រុសរបស់ម្ចាស់ហាងសាច់អាំង “ម៉ែក្មេក ហេង ហេង BBQ សាច់អាំង និងស៊ុប” និងមានលំនៅក្នុងភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានដើរឆ្លងកាត់ទទឹងផ្លូវ ក្នុងទិសដៅពីលិច ទៅកើត ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច ក៏ត្រូវរថយន្តយីឌុប១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ ៣ៅ-០៩៨៨ បើកជ្រុលមកបុក និងកិនចំក្បាល បណ្តាលឱ្យបែកខ្ទេចក្បាល ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយ កើតហេតុ បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

ដោយឡែក តាមប្រភពពីអ្នកស្គាល់ជនរងគ្រោះ បានបង្ហើបប្រាប់ថា តាមពិតករណីខាងលើ មិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតាៗ នោះទេ ប៉ុន្តែជាការធ្វើអត្តឃាត ដោយជនរងគ្រោះ បានសម្រេចចិត្តរត់ចូលឡានសម្លាប់ខ្លួន មូលហេតុ ដោយសារតែតូចចិត្ត នឹងរឿងប្រពន្ធរត់ ចោល ដែលជាហេតុធ្វើឱ្យជនរងគ្រោះលំបាកចិត្ត ចេះតែមានទឹកមុខស្រពាប់ស្រពោនជាប្រចាំ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះ ក៏ដាច់ចិត្តគិតខ្លី រត់ចូលឡានកិនខ្ទេចក្បាលស្លាប់ទាំងព្រឹកតែម្តង។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនហ៊ានសន្និដ្ឋានថាយ៉ាងណានៅឡើយ ព្រោះមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាច់ញាតិជនរង គ្រោះ ឱ្យបានច្បាស់លាស់នៅឡើយ ខណៈដែលក្រុមគ្រួសារកំពុងមានទុក្ខ រវល់ចាត់ចែងពិធីបុណ្យសពជូនជនរងគ្រោះ។ យ៉ាងណាយើងរង់ចាំការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ ជាមួយនឹង ភាគីរងគ្រោះ។

ដោយឡែក សាកសពជនរងគ្រោះ  ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES