លោកឧកញ៉ាម៉ុង ឫទ្ធី នៅថ្ងៃនេះ បានប្រកាសជូនដំណឹងលើទំព័រហ្វេកប៊ុកផ្ទាល់របស់លោក ដើម្បីឲ្យប្រជាពលរដ្ឋក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានបញ្ហាសុខភាព រួសរាន់នាំគ្នាទៅព្យាបាលជំងឺ ដោយមានក្រុមគ្រូពេទ្យមនុស្សធម៌ស្ម័គ្រចិត្តមកពីប្រទេសសិង្ហបូរី សហការជាមួយគ្លីនិកទីក្រុងកំពង់ផែឧកញ៉ា ម៉ុង ដោយមិនគិតថ្លៃ។
លោកឧកញ៉ាម៉ុង ឫទ្ធី បានបង្ហោះសារជូនដំណឹងថា “ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាជនយើង ខ្ញុំសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទូទៅ និយាយដោយឡែកប្រជាពលរដ្ឋក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ចព្រះសីហនុ អោយបានជ្រាបថា ៖ នៅថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមគ្រូពេទ្យមនុស្សធម៌ស្ម័គ្រចិត្តមកពីប្រទេសសិង្ហបូរី រួមសហការជាមួយគ្លីនិកទីក្រុងកំពង់ផែឧកញ៉ា ម៉ុង នឹងមកជួយព្យាបាលជូនដោយមិនយកកម្រៃ ក្រោមការឧបត្ថម្ភផ្ទាល់ពីរូបខ្ញុំ ព្រមទាំងភរិយា នឹងមានប្រាក់ចំនួន១,៥០០ដុល្លារពីក្រុមគ្រួសារលោកអឹង មកពីប្រទេសសិង្ហបុរី ដែលជាដៃគូរពាណិជ្ជកម្ម លើអាជីវកម្មស្វាយជាមួយនឹងក្រុមហ៊ុនខ្ញុំ “។
លោកឧកញ៉ាបានបន្តថា “ពិនិត្យ នឹងព្យាបាលមានចំនួន ៤ផ្នែកដូចខាងក្រោម ៖
១. ពិនិត្យ រោគស្ត្រី
២. ពិនិត្យ ជំងឺមាត់ ធ្មេញ
៣. ពិនិត្យ មាត់ ច្រមុះ ត្រចៀក បំពង់ក
៤. ជំងឺវះកាត់
ទីតាំងព្យាបាលនៅក្នុងគ្លីនិកទីក្រុងកំពង់ផែឧកញ៉ា ម៉ុង ទល់មុខកំពង់ផែកែវផុសតែម្តង”។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាពត៍មាន នឹងអញ្ជើញមកពិនិត្យសុខភាពក្នុងពេលឱកាសដ៏ពិសេសនេះ”៕