កំពង់ឆ្នាំង ៖ កាលពីរសោលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកជិតខាង ដែលបានសម្លាប់ក្មេងស្រីទាំង២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
យោងតាមលោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ជនដៃដល់ដែលសម្លាប់ក្មេងស្រីបងប្អូនបង្កើត២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ ហើយមូលហេតុដោយសារឃាតករសម្លាប់ ពីព្រោះតែពេលរំលោភក្មេងស្រីជាបង ស្រាប់តែប្អូននាងមកទាន់ ដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយសង្កត់ដង្ហើម បណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗតែម្តង។
លោកស្នងការ បានបញ្ជាក់បន្ថែមថា ក្រោយមានអំពើឃាតកម្មដ៏សាហាវឃោរឃៅ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅម្តាយមីង និងឪពុកមារបស់ក្មេងស្រីរងគ្រោះ និងជនដៃដល់ទៅសួរនាំផងដែរ។
លោកបន្តថា ដំបូងឡើយ ជនសង្ស័យប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុត ដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ច ជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ ហើយអ្នកទាំងពីរនោះបានដោះលែងវិញ ។
គួរបញ្ជាក់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតករសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕