ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញធ្លាក់ចុះពីលើអគារកាស៊ីណូជាន់ទី៨ បណ្តាលឱ្យបោកផ្ទប់ទៅនឹងថ្មស្លាប់ក្នុងថ្លុក ឈាមគួរឱ្យរន្ធត់ និងត្រូវគេសង្ស័យថាជាករណីអត្តឃាត លោតសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់អគារកាស៊ីណូផ្កាយ៥ ចំណុចភ្នំ១០០ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
បុរសរងគ្រោះដែលធ្លាក់ពីជាន់ទី៨ស្លាប់ មានឈ្មោះហ្សាង ជៀងសាន (ZHANG JIANGSHAN) អាយុ២៧ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២៨៩៥៣៥៨ ស្នាក់នៅបន្ទប់លេខ ៧០៧ អគារ T៣ ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុ រួចទាក់ទងទៅខាងជំនាញឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព ដើម្បីរកមូលហេតុពិត។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងបន្ត៕