Friday, July 4, 2025
Homeព័ត៌មានជាតិលោកអភិបាលខេត្តដឹងរឿងនេះទេ... អ្នកដំណើរភ័យណាស់

លោកអភិបាលខេត្តដឹងរឿងនេះទេ… អ្នកដំណើរភ័យណាស់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ កំពុងបើករថយន្តតាមដងផ្លូវសុខៗ ក៏ស្រាប់តែត្រូវក្មេងពាល១ក្រុម នាំគ្នាធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់ រថយន្តបណ្តាលឱ្យបែក និងធ្វើឱ្យបុរសជាអ្នកបើកបរ រងរបួសរយះក្បាលទៀតផង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខសាលារៀនស្មែត ស្ថិតក្នុងស្រុករលាប្អៀរ។

បុរសរងគ្រោះដែលត្រូវក្មេងពាលស្ទាក់គប់កញ្ចក់រថយន្តពេលយប់ គប់បណ្តាលឱ្យរយះក្បាលរងរបួសយ៉ាងដំណំ មិនត្រូវបានស្គាល់ពី អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ៣០ឆ្នាំ មុខរបរអ្នកបើកបរថយន្ត បើកបររថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0475។

ក្រោយកើតហេតុ ក្រុមក្មេងពាលទាំងនោះ បាននាំគ្នារត់ចែកជើងគ្នា គេចខ្លួនបាត់ស្រមោលអស់។ ចំណែកបុរសរងគ្រោះ បានត្រឹមឈប់ មើលរថយន្តរបស់ខ្លួនដែលរងការខូចខាត រួចឡើងបើករថយន្តទៅកាន់មន្ទីរពេទ្យដើម្បីលាងរបួសក្បាល ដោយខ្លួនឯងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុងកំពង់ឆ្នាំង ចាប់ពីចំណុចចុងស្ពានខ្សាម សង្កាត់ខ្សាម រហូតដល់ចុងទន្លេសាប ក្រុងកំពង់ឆ្នាំង ក៏ធ្លាប់មានករណីក្មេងពាលមួយក្រុម ជិះម៉ូតូចាំឆ្មក់ យកដុំថ្មគប់ទៅលើរថយន្តដែលធ្វើដំណើរតាមផ្លូវដូចគ្នាផងដែរ។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋអ្នកដំណើរ សូមឱ្យសមត្ថកិច្ចនៅតាមបណ្តាចំណុចខាងលើនេះ គួរតែមានវិធានការបន្ទាន់ផង បើមិនអ៊ីចឹងទេ អាចកើតមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ដែលកំពុងធ្វើដំណើរតាមផ្លូវសាធារណជាក់ជាមិនខាន៕

RELATED ARTICLES