ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបុរសម្នាក់បានចេញមកធ្វើការនៅភ្នំពេញ ស្នាក់នៅតែម្នាក់ឯង ឃ្លាតឆ្ងាយពីប្រពន្ធកូន លុះកើតមានអាការមិនសូវស្រួលខ្លួន គ្មានប្រពន្ធជួយមើលថែ ក៏បណ្តាលឱ្យកើតមានអាការខ្យល់គ អំឡុងពេលដេកលក់ បណ្តាលឱ្យដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម លុះព្រឹកឡើង អ្នកជិតខាងមិនឃើញចេញពីបន្ទប់ទៅធ្វើការ នាំគ្នាទម្លាយទ្វារចូលទៅមើល ប្រទះឃើញដេកស្លាប់ ទើបកើតការផ្អើលឆោឡោឡើង កើតឡើងនៅចំណុចបន្ទប់ជួលលេខ១៥ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលដេកស្លាប់តែម្នាក់ឯង គ្មានប្រពន្ធកូននៅក្បែរនេះ មានឈ្មោះអ៊ីវ ណាង អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកសហគ្រាសផលិតឱសថ PPM ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិវាលប្រិយ៍ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះ មានប្រពន្ធឈ្មោះណៃ ស្រីនាង អាយុ៣៣ មុខរបរមេផ្ទះ និងមានកូនប្រុសស្រីក្នុងបន្ទុកចំនួន២នាក់ សព្វថ្ងៃស្នាក់នៅភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រោយពីអ្នកជិតខាងដឹងថា ជនសង្ស័យស្លាប់ ទើបនាំគ្នាឆោឡោប្រាប់ទៅម្ចាស់ផ្ទះជួល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើល និងប្រាប់សាច់ញាតិ មកមើលជាក់ស្តែង រួចសាច់ញាតិ មកគាស់បើកទ្វារមើល ក៏ឃើញជនរងគ្រោះពិតជាដេកស្លាប់ប្រាកដមែន។
បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារកើតអាការខ្យល់គរ ពោលគឺពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕