Thursday, July 3, 2025
Homeព័ត៌មានជាតិលោកប៉ូលិសផឹកប៉ះចំស្រាកាច បាញ់១១គ្រាប់ មេដកបញ្ឈរជើង

លោកប៉ូលិសផឹកប៉ះចំស្រាកាច បាញ់១១គ្រាប់ មេដកបញ្ឈរជើង

ភ្នំពេញ ៖ លោកឌិន វណ្ណណូរ៉ា មន្ត្រីនគរបាលបម្រើការនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបាញ់បោះសេរី  ព្រោះខឹងម្តាយតាមរករឿងដល់ក្នុងបន្ទប់ខារ៉ាអូខេ ក៏ច្ញញក្រៅដកកាំភ្លើងបាញ់រថយន្តខ្លួនឯងចំនួន១១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងមុខហាងខារ៉ាអូខេ ពិភពរាត្រី ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ត្រូវបានថ្នាក់ដឹកនាំអង្គភាព សម្រេចដកបញ្ឈរជើង ដើម្បីដាក់ទណ្ឌកម្មតាមវិន័យ របស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបាញ់បោះសេរីមួយបានកើតឡើង នៅចំណុចមុខហាង ខារ៉ាអូខេយីហោ ពិភពរាត្រី ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ដោយបុរសម្នាក់កំពុងផឹកស៊ីឱបស្រី ច្រៀងខារ៉ាអូខេយ៉ាងសប្បាយ ក្អាកក្អាយ ខឹងម្តាយចូលទៅរករឿងដល់ក្នុងបន្ទប់ខារ៉ាអូខេ ក៏មួម៉ៅក្តៅចិត្ត ដើរចេញមកក្រៅ ដកកាំភ្លើងបាញ់ រថយន្តខ្លួនឯងចំនួន១១គ្រាប់ រួចដឹកដៃម៉ែកូនរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមន្ត្រីនគរបាលជាជនបង្កបានបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ភ្នំពេញ ២ឌ-៣៩១៣ ចូលទៅច្រៀងខារ៉ាអូខេនៅក្នុងហាង ពិភពរាត្រី ខាងលើ។ លុះមួយសន្ទុះក្រោយមក ខណៈ ដែលជនបង្ក កំពុងផឹកស៊ីរាំលេងឱបស្រីសប្បាយអស់ដៃ ស្រាប់តែលេចមុខស្ត្រីម្នាក់ ដែលតាមប្រភពបានបង្ហើបថា ត្រូវជាម្តាយ បានចូលទៅរករឿងដល់ក្នុងបន្ទប់ខារ៉ាអូខេតែម្តង ជាហេតុធ្វើឱ្យមន្ត្រីនគរបាលរូបនោះ អាម៉ាសមុខ នៅចំពោះមុខមិត្តភក្តិផង ពិសេសខ្មាស់ស្រីស្នេហ៍ផង ក៏កើតមានការខឹងសម្បានឹងម្តាយយ៉ាងខ្លាំង រួចក៏ស្ទុះក្រោកដើរចេញមកខាងក្រៅហាង រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនឯង អស់ចំនួន១១គ្រាប់ បណ្តាលឱ្យធ្លុះកញ្ចក់រថយន្តផ្នែកខាងមុខ។ លុះបាញ់បោះសេរីរួច ជនបង្កទំនងជាភ័យខ្លួន ក៏ប្រញាប់ដឹកដៃម្តាយ នាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ លោកយិន សាន្ត អធិការនគរបាលខណ្ឌចំការមន បានដឹកនាំកម្លាំង ដោយសហការជាមួយនឹងកម្លាំងអាវុធហត្ថ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់ច្រូងច្រាង ស្រាប់តែរករថយន្តដែលរងការបាញ់ប្រហារនោះមិនឃើញទៅវិញ។ ស្រាប់តែបន្តិចក្រោយមក សមត្ថកិច្ចក៏បានប្រទះឃើញរថយន្តខាងលើ នៅចំងាយប្រមាណ១០០ម៉ែត្រ ពីកន្លែងកើតហេតុ ដោយសារតែក្រោយកើតហេតុភ្លាមៗ សន្តិសុខបានរុញរថយន្តនោះចេញទៅលាក់ទុកនៅចម្ងាយប្រហែល១០០ម៉ែត្រ ពីហាងខារ៉ាអូខេ ពិភពរាត្រី៕

 

RELATED ARTICLES