ខេត្តកំពង់ស្ពឺ ៖ បុរសប្រមឹកម្នាក់ ផឹកស៊ីនៅក្រៅផ្ទះស្រវឹងជោកជាំ គ្រាន់តែឈានជើងចូលដល់ផ្ទះភ្លាម ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ធ្វើឱ្យស្ត្រីប្រពន្ធធុញទ្រាន់ ក៏រអ៊ូរទាំតិចតួច ស្រាប់តែប្តីកំណាចបានស្ទុះទៅទាញកាំបិត មកកាប់ប្រពន្ធខាងខ្នងកាំបិត បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន។ ករណីប្តីកាប់ប្រពន្ធរយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងពញា ឃុំវាលពង់ ស្រុកឧដុង្គ។
បុរសជាប្តីចិត្តកំណាច ដែលកាប់ប្រពន្ធ១កាំបិតរយះក្បាល មានឈ្មោះសាក់ អ៊ិន អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអឿន ពៅអូន អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ បុរសជាប្តី ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕