Thursday, July 3, 2025
Homeព័ត៌មានជាតិរៀនធម៌ច្រើនបែកកម្មដ្ឋាន ជក់ថ្នាំញៀន បបួលគ្នីគ្នីថែមទៀត

រៀនធម៌ច្រើនបែកកម្មដ្ឋាន ជក់ថ្នាំញៀន បបួលគ្នីគ្នីថែមទៀត

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាប ករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន ក៏ប្រទះឃើញសង្ឃកំហូចអង្គនេះ កំពុងសម្ងំជក់ថ្នាំញៀនយ៉ាងត្រេកត្រអាល ជាមួយនឹងក្មេងស្ទាវ២នាក់ទៀត ទើបឃាត់ខ្លួនប្រគល់ឱ្យមន្ទីរធម្មការចាប់ផ្សឹក រួចនាំយកទៅចាត់ការតាមច្បាប់ កើតឡើងនៅចំណុចតំបន់ទួលស្រែ ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម។

ជនសង្ស័យទាំង៣នាក់ ដែលកំពុងសម្ងំជក់ថ្នាំ ត្រូវសមត្ថកិច្ចចុះបង្ក្រាបនេះ រួមមាន ទី១-ឈ្មោះយ៉េន គីមហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ (ជាសង្ឃ) គង់នៅវត្តទួលស្រែ ភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម និងមានស្រុកកំណើតនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ទី២-ឈ្មោះអ៊ាន មឿន ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម។ និងទី៣-ឈ្មោះសុង វិផា ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។

ក្រោយពីធ្វើការបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន៤កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ២គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។

ចំពោះសង្ឃ១អង្គខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យខាងមន្ទីរធម្មការខេត្ត ធ្វើពិធីផ្សឹក និងអនុវត្តតាមវិន័យព្រះពុទ្ធសាសនា រួចរាល់ហើយ ក៏នាំខ្លួនជនសង្ស័យរូបនេះ មកសួរនាំបន្ត។

ជនសង្ស័យទាំង៣នាក់ខាងលើ ព្រមទាំងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES