ភ្នំពេញ ៖ បុរសជាអ្នករើសអេតចាយម្នាក់ តែមិនដឹងថា ផ្ទះសំបែងស្នាក់នៅឯណានោះទេ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះក្រោយពីផឹកស្រវឹង បានប្រះខ្លួនដេកនៅលើវាលស្មៅសួនច្បារ១យប់ លុះព្រឹកឡើង ស្រាប់តែមានគេប្រទះឃើញជនរងគ្រោះដេកស្លាប់រឹងស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចសួនច្បារចំណុចមុខសាលាបឋមសិក្សាសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងបានទំនាក់ទំនងទៅគ្រួសារសព ក្រោយពីបានតម្រុយថា គ្រួសារសពនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ លុះដោយសារតែគ្មានការប្តឹងផ្តល់ពីសាច់ញាតិ ទើបអាជ្ញាធរបានសម្រេចប្រគល់សពទៅឱ្យសាច់ញាតិ ដឹកទៅកាន់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានោះផងដែរ សប្បុរសជន លោកយាយ ចន្ទីសា អាយុ៨០ឆ្នាំ នៅភូមិសែនសុខ៣ បានជួយឧបត្ថម្ភក្តាមឈូស និងឡានសម្រាប់ដឹកសព ហើយប្រជាពលរដ្ឋក៏បានចូលថវិកាចូលបុណ្យផងដែរ៕