ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់តែងជិះកង់ហាត់ប្រាណជារៀងរាល់ល្ងាច លុះជិះកង់បំណងត្រឡប់ទៅផ្ទះវិញ ទំនងជាហត់ពេក ទើបចុះបណ្តើរវិញម្តង ស្របពេលដែលចរាចរណ៍កំពុងកកស្ទះផង ស្រាប់តែបណ្តើរកង់បានបន្តិច ក៏ឈប់ដាក់គូទអង្គុយលើចិញ្ចើមផ្លូវ បន្ទាប់មកក៏ដេកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥១ នៅចំណុចមុខក្រសួងរ៉ែនិងថាមពល ស្ថិតក្នុងភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បុរសរងគ្រោះ មានឈ្មោះគេត ចាន់ថន អាយុ៣៨ឆ្នាំ ជាអតីតគ្រូបង្រៀន ផ្នែកអាយធី នៅសាកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅម្តុំវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ និងឆែកនៅលើខ្លួនជនរងគ្រោះ ដើម្បីរកអត្តសញ្ញាណ និងងាយស្រួលផ្តល់ដំណឹងដល់សាច់ញាតិបងប្អូន ប៉ុន្តែជនរងគ្រោះមិនមានអីជាប់ខ្លួននោះទេ មានតែថ្នាំមួយកញ្ចប់តែប៉ុណ្ណោះ សង្ស័យមានជំងឺលើសឈាមនិងបេះដូង ប្រចាំកាយ ទើបបានជាដាក់ថ្នាំជាប់ខ្លួនយ៉ាងនេះ។ ក្រោយមក មានបុរសជាអ្នកដំណើរឆ្លងកាត់ម្នាក់ បានស្គាល់ភិនភាគជនរងគ្រោះ ក៏ផ្តល់ដំណឹងដល់ក្រុមគ្រួសារ ចុះមកដល់កន្លែងកើតហេតុ រួចស្នើសុំសមត្ថកិច្ចយកសពជនរងគ្រោះទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមិនបានប្តឹងផ្តល់អ្វីនោះទេ៕