ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែដើរឡើងទៅលើស្ពានជ្រោយចង្វារ តែម្នាក់ឯង រួចក៏ប៉ុនប៉ងលោតចូលទឹកសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អ ត្រូវបានអ្នកដំណើរឆ្លងកាត់ និងសមត្ថកិច្ចយាមប្រចាំកាយនៅលើស្ពានជួយចាប់ឃាត់ឃាត់ពេលវេលា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
នារីវ័យក្មេងដែលប៉ុនប៉ងលោតទឹកស្ពានជ្រោយចង្វារ សម្លាប់ខ្លួន មានឈ្មោះម៉ន ស្រីនូ អាយុប្រមាណជាង២០ឆ្នាំ មិនដឹងជាស្នាក់នៅ ឯណា ឱ្យពិតប្រាកដនោះទេ ព្រោះមិនអាចសួរនាំដឹងរឿងនៅឡើយ ហើយក៏មិនទាន់ដឹងនូវមូលហេតុដែលបណ្តាលឱ្យនារីរូបនេះមកលោតទឹក បែបនេះដែរ ដោយសារតែមិនមានអ្នកណាម្នាក់អាចធ្វើការសួរនាំនាងបានឡើយ ដោយសារនាងបាននិយាយស្តីរវើរវាយ និងថែមទាំងបានឈ្លោះប្រកែកជាមួយសមត្ថកិច្ចថែមទៀតផង។
យ៉ាងណាក្តី សមត្ថកិច្ច បានធ្វើការសួរនាំនារីខាងលើ រកកន្លែងស្នាក់នៅ និងសាច់ញាតិ ដើម្បីផ្តល់ដំណឹងឱ្យមកទទួលយកនារីរូបនេះ ត្រឡប់ទៅផ្ទះវិញ៕