ភ្នំពេញ ៖ បុរសជាជនសង្ស័យ មានឈ្មោះគឹម ឈុនទូច ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មានមុខរបរមិនពិតប្រាកដ ជាប់ពាក់ព័ន្ធនឹងអំពើលួចម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនសួរនាំ ឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
តាមការអះអាងរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យ បានបញ្ជាក់ថា ជនសង្ស័យខាងលើពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រណាត់ជូតជើង ចងកភ្ជាប់នឹងចម្រឹងដែក។
ក្រោយកើតហេតុ សមត្ថកិច្ចមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលថតរូបភាពជនសង្ស័យដែលចងកធ្វើអត្តឃាតខាងលើនេះបានទេ ដោយអនុញ្ញាតត្រឹមតែថតរូបពីចម្ងាយ ខាងមុខអធិការដ្ឋានខណ្ឌច្បារអំពៅ ប៉ុណ្ណោះ។
សាកសពជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកមានជ័យ ទៅតម្កល់ទុកនៅវត្តប្ញស្សីសាញ់ ដើម្បីប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕