ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុម បាននាំគ្នាទៅទិញថ្នាំញៀនយកមកប្រើប្រាស់ លុះធ្វើដំណើរតាមផ្លូវត្រឡប់មកវិញ ប្រទះឃើញកម្លាំងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមលេបចូលពោះដើម្បីបំបាត់ភ័ស្តុតាង តែដោយសារលេបចូលមិនអស់ ត្រូវសមត្ថកិច្ចឆែកឃើញ ក៏ចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។
ករណីខាងលើបានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខវិទ្យាល័យជា ស៊ីម សាមគ្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ ឃឿន អាយុ២៨ឆ្នាំ ជាចុងភៅនៅហាងមួយកន្លែង ស្នាក់នៅ កន្លែងធ្វើការ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ទី២-ឈ្មោះបាន សុភក្រ័ អាយុ១៨ឆ្នាំ ជាអ្នករត់តុ ស្នាក់នៅជាមួយគ្នា និងធ្វើការដកហូតម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1FM-1111 រួមទាំងថ្នាំញៀនប្រភេទក្រាមសថ្លា១កញ្ចប់តូច។ ដោយឡែក ជនសង្ស័យ២នាក់ផ្សេងទៀត រួមមាន ទី១-ឈ្មោះជា មែងលីន អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់នៅក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទី២-ឈ្មោះតឺន រួន អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅជាមួយគ្នា ដកហូតបានថ្នាំញៀនប្រភេទ ក្រាមសថ្លាមួយកញ្ចប់តូច។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍នៅត្រង់ចំណុចកើតហេតុខាងលើ ដើម្បកាត់បន្ថយ និងទប់ស្កាត់បទល្មើសដែលកើតឡើងដោយប្រការណាមួយ។ លុះដល់វេលាកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Zoomer-X ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ លុះមកដល់ក្បែរនឹងគោលដៅត្រួតខាងលើ ពេលនោះជនសង្ស័យទាំងពីរខាងលើក៏បានឈប់ម៉ូតូ។ បន្ទាប់មកជនសង្ស័យ ដែលជាអ្នកអង្គុយខាងក្រោយបានយកថ្នាំ ញៀនមួយកញ្ចប់ ដាក់ចូលទៅក្នុងមាត់រួចលេបចូលពោះបាត់ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចប្រទះឃើញ ក៏បានធ្វើការឃាត់សួរនាំ និងឆែកឃើញថ្នាំញៀន២កញ្ចប់តូចផ្សេងទៀត ដែលជនសង្ស័យលេបចូលពោះមិនអស់ រួចក៏ឃាត់ខ្លួននាំយកមកសាកសួរតែម្តង។ លុះបន្តិចក្រោយមកទៀត សមត្ថកិច្ចក៏ឆែកឃើញថ្នាំញៀន១កញ្ចប់តូច នៅលើខ្លួនជនសង្ស័យ២នាក់ផ្សេងទៀត ទើបឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ នាំទៅសួរនាំ និងកសាងសំណុំរឿងនៅឯអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការចាត់បន្តតាមនីតិវិធី៕