Friday, July 4, 2025
Homeព័ត៌មានជាតិអ្នកណាស្មានដល់!!! កិនទៅវិញទៅមក មិនអី រើសបោះចោលផ្ទុះប៊ូម

អ្នកណាស្មានដល់!!! កិនទៅវិញទៅមក មិនអី រើសបោះចោលផ្ទុះប៊ូម

ខេត្តឧត្តរមានជ័យ ៖ បុរស២នាក់ បានបើកត្រាក់ទ័រភ្ជួរដីចម្ការរបស់ខ្លួន ស្រាប់តែបានកិនចំគ្រាប់បេ៤០មួយគ្រាប់ ប៉ុន្តែមិនបណ្តាលឱ្យផ្ទុះនោះទេ ឃើញបែបនេះ បុរសទាំង២នាក់ក៏នាំគ្នាចុះទៅរើសគ្រាប់នោះយកទៅបោះចោល ស្រាប់តែផ្ទុះបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

ជនរងគ្រោះដែលរងរបួសដោយសារផ្ទុះក្បាលគ្រាប់បេ៤០ បណ្តាលឱ្យរបួសធ្ងន់ទាំង២នាក់ រួមមាន ទី១-ឈ្មោះផាត់ ម៉ៅ អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង និងទី២-ឈ្មោះលឿន រ៉ានី អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ បានបើកត្រាក់ទ័រ១គ្រឿង ភ្ជួរដីចម្ការ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ត្រាក់ទ័រក៏បានកិនចំគ្រាប់បេ៤០មួយគ្រាប់ ប៉ុន្តែមិនផ្ទ្ទុះនោះទេ បន្ទាប់មក ជនរងគ្រោះទាំង២នាក់ ក៏នាំគ្នាចុះទៅរើសយកគ្រាប់នោះ ដើម្បីយកទៅបោះចោល ស្រាប់តែគ្រាប់បេ៤០បានផ្ទុះឡើង បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ ទទួលរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុកអន្លង់វែង ភ្លាមៗ៕

RELATED ARTICLES