ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៥ និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីយុវជនឈាមរាវម្នាក់ ឃើញនារីវ័យក្មេងម្នាក់ដើរតែឯង ក៏ទាញកណ្តៀវ ចូលទៅធ្វើសកម្មភាពភ្ជង់ក គំរាមប្លន់យកលុយកាក់ទ្រព្យសម្បត្តិរបស់នារីរងគ្រោះ បន្ទាប់មក ក៏ព្យាយាមរត់គេចខ្លួនបានតែជិត១០ម៉ោង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួន នាំយក ទៅចាត់ការតាមច្បាប់ ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ជនសង្ស័យមានឈ្មោះស៊ុំ រតនៈ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។ នារីរងគ្រោះ មានឈ្មោះអ៊ុករះ សុភានាថ អាយុ ២៤ឆ្នាំ មានលំនៅក្នុងភូមិគាប់ថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។
កាបូបដែលជនសង្ស័ប្លន់យកទៅ មានដូចជា ទូរស័ព្ទដៃ១គ្រឿង កាបូបស្បែក១ អត្តសញ្ញាណប័ណ្ណ១សន្លឹក លិខិត ឆ្លងដែន១ និងប្រាក់៥០ដុល្លារ។
ក្រោយកើតហេតុ ជនសង្ស័យបានរត់គេច ខ្លួនបាត់ស្រមោលភ្លាមៗ។ ចំណែកនារីរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ស្រាវជ្រាវតាមរកមុខជនសង្ស័យ រហូតមកដល់វេលាម៉ោង២រសៀលថ្ងៃដដែល ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបាន និងដកហូតទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ត្រឡប់មកវិញទាំងអស់។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕