ខេត្តកំពង់ស្ពឺ ៖ ចៅអធិការវត្តមួយអង្គ បានបែកគំនិតចង់ស៊ីដាច់បច្ច័យបុណ្យកឋិនកសាងវត្តចំនួនជិត២០លានរៀល ក៏ប្រឌិតរឿងថាមាន ចោរគាស់ទ្វារកុដិចូលលួចលុយ ទីបំផុតសមត្ថកិច្ចស្រាវជ្រាវរកការពិតឃើញថាជារឿងប្រឌិតរបស់ចៅអធិការអង្គនេះ ក៏ត្រូវមន្ត្រីសង្ឃចាប់ផ្សឹក រួចប្រគល់ទៅឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ចៅអធិការវត្តដែលប៉ុនប៉ងស៊ីដាច់បច្ច័យបុណ្យកឋិន រហូតត្រូវចាប់ផ្សឹកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់នេះ មានព្រះនាម ម៉ន អឿន អាយុ៤២ឆ្នាំ ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង២ និង២៧នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានព្រះសង្ឃ១អង្គ ព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម បានមកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថាមានចោរចូលគាស់ទ្វារកុដិ របស់ ព្រះអង្គ លួចយកសម្ភារមានតម្លៃ និងប្រាក់រាប់សិបលានរៀល ដែលប្រាក់ទាំងនោះ គឺជាប្រាក់បច្ច័យកឋិនទាន ទុកសម្រាប់កសាងវត្ត។

ក្រោយពីទទួលពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរហូតបំបែកសំណុំរឿង និងកំណត់បានមុខសញ្ញាប្រព្រឹត្ត ជាក់ស្តែង តាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ និងតម្រុយភិនភាគស្លាកស្នាមមួយចំនួន កត់សំគាល់ជនសង្ស័យជាអ្នកប្រព្រឹត្ត (ប្រឌិត) តែម្តង ។
បន្ទាប់ពីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ពោលគឺជាដើមបណ្តឹង ឈ្មោះម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម តែម្តង។

ជនសង្ស័យត្រូវបានរកឃើញថា បានប្រឌិតព័ត៌មាន និងបានរៀបចំភ័ស្តុតាង ស្លាកស្នាមក្លែងបន្លំដើម្បីបំភ័ន្តថា ក្រុមចោរជាអ្នកលួចលុយ អស់ចំនួន១៦លាន ៥ម៉ឺនរៀល និងប្រាក់ដុល្លារចំនួន៩០០ដុល្លារ ដោយជនសង្ស័យបានប្រើរូបភាពគប់កញ្ចក់ទ្វារឱ្យបែក ហើយគាស់ទ្វារដែក ចូល ក្នុងបន្ទប់។

រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាល ក្រោមការចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចុះធ្វើការស្រាវជ្រាវបន្ថែម រហូតធ្វើឱ្យជនសង្ស័យឆ្លើយសារភាពថា តាមពិតគ្មានចោរឯណាមកលួចលុយកឋិន នោះទេ គឺលុយទាំងអស់ខ្លួនជាអ្នកយកទុក ហើយប្រឌិតរឿងដើម្បីបំភ័ន្តភ្នែកមហាជន។

ករណីនេះអតីតសង្ឃកំហូចបានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តដោយខ្លួនឯងពិតប្រាកដមែនគ្មានអ្នកណាចូលរួមឡើយ។ ក្រោយ ស្តាប់ការសារភាពរួចមកមុខសញ្ញាខាងលើជំនាញបានបញ្ជូនទៅសាលាគណស្រុក ដើម្បីធ្វើការផ្សឹក ហើយបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺចាត់ការតាមនីតិវិធី៕